ខេត្តស្ទឹងត្រែង៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែឧសភា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកុច្ច ហូកា និងមានគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP បានបើកវគ្គបណ្ដុះបណ្ដាលហូកា “ជំនាញគេហកិច្ច” ដល់បុគ្គលិកដែលបម្រើការក្នុងសេវាកម្មស្នាក់នៅផ្នែកគេហកិច្ច (អ្នករៀបចំបន្ទប់)ក្នុងទីរួមខេត្ត ចំនួន ១៤នាក់ ស្រី ០៩នាក់។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្ដាលខាងលើមានរយះពេល ០៦ថ្ងៃ ដែលបណ្ដុះបណ្ដាលផ្ទាល់ដោយគ្រូបង្គោលមន្ទីរខេត្តស្ទឹងត្រែងចំនួន ០៤ថ្ងៃ និងមានការចូលរួមចែករំលែកបទពិសោធន៍ពីគ្រូបង្គោលមន្ទីរខេត្តព្រះវិហារ ចំនួន ០២ថ្ងៃផងដែរ។
ជាលទ្ធផល ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមបានយល់ដឹងពី (១) តួនាទីក្នុងផ្នែកគេហកិច្ច (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) ឧបករណ៍និងសម្ភារគេហកិច្ច (៥) ក្រណាត់និងពូក (៦) សំអាតនិងបម្រើសេវាកម្មបន្ទប់ភ្ញៀវ (៧) រៀបចំសម្រាប់វេនបន្ទា (៨) ប្រព័ន្ធរាយការណ៍ (៩) ផ្តល់សេវាកម្មគេហកិច្ចបន្ថែម (១០) សំអាតទីសាធារណៈ (១១) នីតិវិធីបោកគក់ និង (១២) ផ្តល់សេវាកម្មបោកគក់សំលៀកបំពាក់ភ្ញៀវ៕
ដោយ៖សហការី