ភ្នំពេញ ៖ លោក ឃួង ស្រេងបានមានប្រសាសន៍ថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះគឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សនីមួយៗ ដែលមានបេក្ខភាពឈរឈ្មោះបោះឆ្នោត ។ សម្រាប់គណបក្សប្រជាជនជនកម្ពុជាវិញក៏បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនាថ្ងៃដំបូងនេះផងដែរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានដឹកនាំការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រដង្ហែក្បួនប្រមាណជិត៥០០០នាក់ ។ ដោយបានជួបជុំគ្នានៅដីទំនេរមួយកន្លែងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជាខណ្ឌព្រែកព្នៅ តាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រួចបន្តក្បួនដង្ហែឃោសនា ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅទាំងមូល។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យើងបានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត ហើយសម្រាប់ខណ្ឌ១៣ផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសំឡេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹង មានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់ ព្រោះតែពួកគាត់បានមើលឃើញពីគោលនយោបាយអភិវឌ្ឍន៍ប្រទេសដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជាដែលមិនអាចខ្វះបាន។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជ្ញាធរសង្កាត់ ដែលកន្លងមកនេះបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើន និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២នេះ ។ លោកឃួង ស្រេង ក៏បានសូមជូនពរឱ្យលោកចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាបានជាប់ឆ្នោតបន្តទៀត។
លោកបានមានប្រសាសន៍បន្តទៀតថា៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនជនកម្ពុជាបានអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ ។ បន្ថែមពីនេះទៀតសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ។ លោក ឃួង ស្រេង បានសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជា សន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ថ្ងៃទី០៥ មិថុនាខាងមុខនេះ។
សូមបញ្ជាក់ថា៖ ក្នុងចំណោម គណបក្សទាំង១១ ដែលបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ គឺមានតែគណបក្សប្រជាជនជនកម្ពុជាតែមួយគត់ដែលមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រដង្ហែក្បួនច្រើនជាងគេ៕
ដោយ ៖ សំរិត