ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បាត់បង់ជីវិត ចំណែក០២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ រវាងម៉ូតូបុកជាមួយម៉ូតូ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតនៅចុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ អូត សំអុន (ហៅមា)ភេទប្រុសអាយុ២៥ ឆ្នាំ រស់នៅភូមិរកា ឃុំសឹង្ហ ស្រុកអូរជ្រៅ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប-មានជ័យ1T-1145 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ។ចំណែកអ្នករងរបួសធ្ងន់០២នាក់៖១/-ឈ្មោះ សឿង ខឿត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាក ផលិតឆ្នាំ១៩៩៩ និង២/-ឈ្មោះ ប៉ុល ពឿត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរកា ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមឆ្នាំផលិតឆ្នាំ១៩៩៩ គ្មានស្លាកលេខ ដែលបើកដោយ ឈ្មោះ សឿង ខឿត ជិះម្នាក់ឯង បានធ្វើដំណើរពីទិសខាងលិចទៅកើត បើកលើទ្រូងផ្លូវ ស្របពេលនៅមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប-មានជ័យ1T-1145 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ដែលបើកដោយឈ្មោះ អូត សំអុន (ហៅមា) បានធ្វើដំណើរនៅលើទ្រូងផ្លូវដូចគ្នា ច្រាសទិសគ្នាពីកើតទៅលិច មានអ្នករួមដំណើរ០១នាក់ ឈ្មោះ ប៉ុល ពឿត ។ពេលដល់ចំណុចចុងភូមិរកា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យឈ្មោះ អូត សំអុន (ហៅមា) អ្នកបើកបរស្លាប់ នៅកន្លែងកើតហេតុ អ្នករួមដំណើររបួសធ្ងន់និងអ្នកបើកម៉ូតូម្ខាងទៀតរបួសធ្ងន់ផងដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរី ។មូលហេតុ មកពីអ្នកបើកបរទាំងសងខាងបើកបរចំកណ្ដាលទ្រូងផ្លូវ មិនប្រកាន់ស្ដាំបណ្តាលឱ្យគ្រោះថ្នាក់តែម្តង។
ចំណែកម៉ូតូបានខូចខាតផ្នែកខាងមុខទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសឹង្ហ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ វណ្ណា