ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥:៣០នាទីល្ងាចនឹងមានរៀបចំក្បួនដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្បួនដង្ហែតាមរថយន្តនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី បត់តាមមហាវិថីព្រះនរោត្ដម ត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងចូលរួមអបអរសាទរដល់ដំណើរមកដល់នៃទង់ SEA Games ដើម្បីកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA Games 2023 និងលើកទឹកចិត្តកីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ឱ្យបានច្រើនកុះករតាមដងផ្លូវខាងលើ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតទុកជាមុន ក្នុងស្មារតីចូលរួមរបស់ប្រជពលរដ្ឋទាំងអស់ ៕
ដោយ ៖ សិលា