ភ្នំពេញ ៖ ទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២២-២០២៧
គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំ សង្កាត់ ឱ្យបានសម្រេចជោគជ័យតាមទិសដៅដូចខាងក្រោម ៖
១-ជាឃុំ សង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព
២-ជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ
៣-ជាឃុំ សង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត -ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្តការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ
-កុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នាប្រកបដោយសមធម៌ និងគុណភាព ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ
-ការបង្កឱកាសគ្រប់យ៉ាងឱ្យកុមារ និងយុវជនបានចូលរៀន និងការបង្កើតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាជន
-ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរឡើងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយចូលរួម
យ៉ាងសកម្មក្នុងការលើកកម្ពស់របៀបរស់នៅតាមកន្លងថ្មី។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវា
ពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ
-គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍កាន់តែច្រើន និងកាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែប្រសើរឡើង, មានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព, មាន បរិស្ថានបៃតង អនាម័យស្អាត, មានការការពារ ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព
-បន្តមិនយកពន្ធដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារ គ្មានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច
៤-ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីក មុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និង សិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋលើថ្លៃលក់កសិផលរបស់ជា ពលរដ្ឋដោយរក្សាបានសេដ្ឋកិច្ចទីផ្សា និងសន្តិសុខសង្គម។ អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬអ្នកដទៃ
៥-ជាឃុំ សង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជង គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត
៦-ជាឃុំ សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ
៧-ជាឃុំ សង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានា ការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន៕
ដោយ ៖ សុខ ខេមរា