ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋសហគមន៍វាលកំបោរ បង្កើនប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ​ ពីការដកផ្សិតព្រៃលក់ក្នុងមួយថ្ងៃចាប់ពី ៥០០ទៅ ១.០០០ គីឡូក្រាម

ចែករំលែក៖

ខេត្ត​រតនគិរី៖ បេី​​តាមការបញ្ជាក់ពី​មន្ត្រីការពារនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ បានឱ្យដឹងថា​៖​ បន្ទាប់ពីមានការអភិរក្ស ដោយយកចិត្តទុកដាក់ ពីមន្ត្រីដែនជម្រកសត្វព្រៃ រហូត​មកដល់បច្ចុប្បន្ននេះ​ ប្រជាពលរដ្ឋស្រុកលំផាត់ កំពុងមមាញឹកជាមួយការប្រមូលផ្សិតព្រៃ​លក់ ដេីម្បីជួយបង្កើនប្រាក់ចំណូល សម្រាប់​ជីវភាពគ្រួសារ។

មន្រ្តី​ដដែល​ បានបន្ថែមថា​ ​ឆ្នាំនេះ មានផ្សិតព្រៃចំនួ​នពីរប្រភេទ គឺផ្សិតក្ងោក និងផ្សិតអំបោះ នៅស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋដើរប្រមូល។​ សហគមន៍វាលកំបោរ គឺជាព្រៃស្ថិតនៅក្នុងព្រៃការពារធម្មជាតិ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

បេី​តាមក្រុមការងារសហគមន៍ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានបញ្ជាក់ថា​៖ ប្រជាពលរដ្ឋទាំងនោះ ក្នុងម្នាក់ៗ អាចដកផ្សិតបានពី ៥ ដល់ ១០គីឡូក្រាម តាមស្ថានភាពជាក់ស្តែង។ ប្រជាពលរដ្ឋ ដែលរកបានច្រើន គាត់លក់ខ្លះ និងទុកខ្លះ ដើម្បីធ្វើជាអាហារ។ ក្នុងនោះផងដែរ ផ្សិត ១គីឡូក្រាម លក់បាន ៥.០០០ ទៅ ១២.០០០ រៀល ខណៈដែលឈ្មួញខ្លះ ក្នុងមួយថ្ងៃ ទិញបានចន្លោះពី ៥០០ ទៅ ១.០០០ គីឡូក្រាម។

សូមជម្រាបថា​ រដូវកាលប្រមូលផលផ្សិត គេសង្កេត​ឃើញថា​ មានឈ្មួញ ៣ទៅ ៥នាក់ ចាំទទួលទិញ ពីសហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរ។ ដូច្នេះ​ហើយ បានជាធនធានធម្មជាតិព្រៃឈើ ដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការរស់នៅរបស់ប្រជាសហគមន៍ ការពារព្រៃឈើ គឺការពារប្រភព ទ្រទ្រង់ជីវភាពយើង៕

ដោយ​៖សហការី​


ចែករំលែក៖