ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធស្លាប់ចំណែកប្តីនឹងកូនរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របើកគៀម៉ូតូនៅមុខវត្តកំបូល

ចែករំលែក៖

ភ្នំពេញ ៖ ប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកប្តីនឹងកូនតូច គ្រាន់តែរងរបួសស្រាល ខណៈបើកម៉ូតូឌុបគ្នាបានបត់ឆ្វេង ឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រ បើកស្របទិសពីក្រោយគៀ បណ្តាលឲ្យដួលបោកនឹងថ្នល់រួចកិនពីលើស្រ្តីជាប្រពន្ធ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ ជុំ ស្រីណាត អាយុ២៧ឆ្នាំ មានស្រុកកំណើយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បើតាមការបញ្ជាក់ពីបុរសជាប្តីបានឲ្យដឹងថា មុនពេលកើត ហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1C-4097 ជិះឌុបប្រពន្ធនិងកូន ចេញពីម្តុំផ្សារអូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ បានស៊ីញ្ញូបត់ឆ្វេងឆ្លង ចូលតាមផ្លូវបេតុង គោលបំណងត្រឡប់ទៅផ្ទះវិញ ពេលបត់ជិតផុតផ្លូវទៅហើយ ស្រាប់តែមានរថយន្តបង្កកុងតឺន័រមួយគ្រឿង ក្បាលពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ3D-4550 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសក្នុងល្បឿនយ៉ាងលឿន មកគៀពីក្រោយម៉ូតូបណ្តាលឲ្យដួលរួចកិនពីលើស្រ្តីជាប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗ សំណាងល្អបុរសជាប្តី និងកូនតូចគ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្កព្យាយាមបើករត់ ទៅមុខជាច្រើនម៉ែត្រ តែត្រូវសមត្ថកិចតាមឃាត់បានអ្នកបើកបរ និងរថយន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែង ស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖