ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តថយក្រោយជាប់ហ្គែរ ជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកALPHARD- G ថយក្រោយចេញពីក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែងហើយជាប់ហ្គែរជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តកល់ជាប់ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែង តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ។

     បើតាមសម្ដីបុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានឱ្យបុរសម្នាក់(ក្មួយ)បើករថយន្តមួយគ្រឿងម៉ាកALPHARD-G ពណ៌ស ពាក់ស្លាកលេខកំពត2B-8296ថយក្រោយចេញពីក្រុមហ៊ុនដឹកអ្នកដំណើរនៅជាប់កន្លែងកើតហេតុខាងលើក្នុងទិសដៅពីត្បូងទៅជើង ខណៈបញ្ឆេះម៉ាសុីនរថយន្តដាក់លេខបើកថយក្រោយស្រាប់តែជាប់ហ្គែរថយក្រោយយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុជាន់ហ្វ្រ័ងមិនស៊ីក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់ទៅលែងរួច និងរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖