ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី នីតិវិធីស្នើសុំ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និងម្ចាស់ក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាពរបស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័សដែលមានទីតាំងនៅរាជធានីភ្នំពេញ ដោយអ្នកស្នើសុំ អាចចូលទៅគេហទំព័រ  https://service.mptc.gov.kh បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។ ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាតសម្រាប់សាខានៅតាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, តម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលមានសុពលភាព១ឆ្នាំ គឺ ៤.២០០.០០០ (បួនលានពីររយពាន់) រៀល និងតម្លៃលិខិតអនុញ្ញាតសម្រាប់សាខាដែលមានសុពលភាព១ឆ្នាំ គឺ ១.៣០០.០០០ (មួយលានបីរយពាន់) រៀល។

បញ្ជាក់៖ ចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩/ ០១២ ៨៨០ ១៦៥។

អាស្រ័យហេតុនេះ សូមលោក-លោកស្រីជាម្ចាស់ក្រុមហ៊ុនបញ្ញើឆាប់រហ័សទាំងអស់ ជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖