ខេត្តត្បូងឃ្មុំ ៖ ពួកឈ្មួញទាល់ច្រកនៅពេលដែលសមត្ថ កិច្ចបើករថយន្តឃាត់ពួកគេដឹកជ្រូកខុសច្បាប់ដូច្នេះពួក គេព្យាយាមបើកបំបុកសមត្ថកិច្ចចម្រុះតែម្ដង។ វាក្លាយ ទៅជាគ្រោះថ្នាក់នៃករណីចរាចរណ៍ទៅវិញ។យ៉ាងណាក៏ដោយសមត្ថកិច្ចបានឃាត់ក្រុមជនសង្ស័យ៤នាក់បញ្ជូនទៅចាត់ការតាមច្បាប់នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២។
កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានឈ្មួញនាំជ្រូកចូល ដោយគ្មានច្បាប់ ពីប្រទេសវៀតណាម បើកឡានដេញបុក ប៉ុន្តែពុំមានគ្រោះថ្នាក់អ្វីដល់ មន្ត្រីសមត្ថកិច្ចឡើយ គ្រាន់តែក្រពិតគូថរថយន្តប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃុំ។
មន្ត្រីមានសមត្ថកិច្ចនៅក្នុងខេត្តកាលនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិត កម្ម និងបសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ចំនួន៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតចូលពីប្រទេសវៀតណាមចូលមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងព្រំដែនក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង ។
នៅពេលដែលសមត្ថកិច្ច ឃាត់នោះ អ្នកបើករថយន្តដឹកសត្វចូល ដោយគ្មានច្បាប់ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចទេ ថែមទាំងបើកឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។ រថយន្តក្រុមសមត្ថកិច្ចបានឃើញយាមបើកគេចប៉ុន្តែនៅតែរងគ្រោះដោយសារតែរថយន្តរបស់ពួកជនល្មើសបើកបុកតែម្ដង។
លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ជាប្រធានក្រុមការងារបង្ក្រាប បទល្មើសចលនាសត្វ បានឱ្យដឹងថា ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយនឹងដោះស្រាយ ទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ហើយអាចឈានដល់ ដុតកម្ទេចចោល ។
ចំណែកអ្នកនាំជ្រូកចូលដោយគ្មានច្បាប់ខាងលើនេះ ចំនួន ៤ នាក់ នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានហើយឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការទៅតាមច្បាប់ជាធរមាន ៕
ដោយ៖ សូរិយា