ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.បនិងអ្នកតាមដានវាយតម្លៃថា រយៈពេល៩ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតប្រព្រឹត្តទៅដោយរលូន

ចែករំលែក៖

ភ្នំពេញ ៖  អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លោក សោម សូរីដា មានប្រសាសន៍ថា រយៈពេល៩ថ្ងៃនៃដំណើរការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំ ហែង ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដី។ 

នៅក្នុងសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា រយៈពេល៩ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមមណ្ឌលបោះ ឆ្នោតឃុំ សង្កាត់ ទៅតាមកម្មវិធីរបស់គណបក្សនយោ បាយនីមួយៗ។ ក្នុងថ្ងៃទី៩នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព និងមធ្យោបាយផ្សេងៗ។ សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ 

លោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា សរុបរយៈពេល៩ថ្ងៃនៃយុទ្ធនាការណ៍ឃោសនារកសំឡេងឆ្នោត បានប្រព្រឹត្តទៅដោយរលូន ក្រោមការយកចិត្តទុដាក់ពីអាជ្ញាធរដែនដី ប៉ុន្តែក៏មានបណ្តឹងពីគណបក្សនយោបាយកើតឡើងចំនួន៤០បណ្តឹងផងដែរ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។

លោក ជីវ ឈីម អ្នកតាមដានការអភិវឌ្ឍសង្គមនិងនយោបាយ លើកឡើងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ រយៈពេលជិត ១០ថ្ងៃកន្លងទៅនេះ គ្មានអំពើហិង្សាណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ បើជាទោះមានបណ្តឹងខ្លះត្រូវបានគណបក្សនយោបាយប្តឹងទៅគណៈកម្មាធិការរៀបចំបោះឆ្នោតក្តី ពោលគឺដំណើរឃោសនារកសម្លេងឆ្នោតសម្រាប់គណបក្សនយោបាយនីមួយប្រព្រឹត្តិទៅដោយរលូន។ លោកថា គណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការបោះឆ្នោតនេះ មានសិទ្ធិសេរីភាពស្មើៗគ្នាក្នុងការឃោសនារកសម្លេងគាំទ្រ ដែលនេះបង្ហាញពីលទ្ធិប្រជាធិបតេយ្យបានចាក់ឬសកាន់តែរឹងមាំនៅកម្ពុជា។

គូរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ គឺនៅសល់រយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

របាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត របស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតឲ្យដឹងថា មានគណ បក្សនយោបាយចំនួន១៧ បានចូលរួមការបោះឆ្នោត និងមានបេក្ខជនសរុបចំនួន ៨៦.០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

ដោយ៖ សូរិយា


ចែករំលែក៖