ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី អ៊ុយក្រែន បង្ហាញពីការបាត់បង់ទាហានក្នុងសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីការបាត់បង់កម្លាំងទាហាននៅក្នុងសង្គ្រាមនៅ Donbass ។

មានប្រសាសន៍នៅក្នុងវេទិកាសន្តិសុខពិភពលោក Brastislava ចំពោះមុខថ្នាក់ដឹកនាំអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា ក្នុងមួយថ្ងៃ មានទាហាន១០០នាក់ស្លាប់ និងរងរបួសប្រមាណ៥០០នាក់ ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រមុខអង្គការ NATO លោក Jens Stoltenberg ព្រមានថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវ។
លោក ស្ដូលធិនប៊ឺគ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រមុខ NATO រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង ពីព្រោះថាអ្វីដែលយើងកំពុងឃើញសព្វថ្ងៃ នោះគឺសង្រ្គាមនេះបាននិងកំពុងក្លាយជាសង្គ្រាមរ៉ាំរ៉ៃ»។ ដោយឡែក នៅពេលអះអាងពីគោលជំហររបស់ NATO ដែលមិនចង់ផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី លោក ស្ដូលធិនប៊ឺគ បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះក៏មានទំនួលខុសត្រូវមួយដែរគឺ គាំទ្រអ៊ុយក្រែន។
បើតាមលោក ស្ដូលធិនប៊ឺគ អ៊ុយក្រែនកំពុងលះបង់តម្លៃដ៏ធំដើម្បីការពារប្រទេសរបស់ខ្លួន តែរុស្ស៉ីខ្លួនឯងក៏កំពុងប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរផងដែរ៕ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖