ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាលនិងធ្ងន់១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា, ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។
ជាមួយគ្នានេះស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការសម្រួលតាមដងផ្លូវឲ្យមាន គំនូសសញ្ញា ភ្លើងសញ្ញានិង ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដែលវាជាការក្រើនរំលឹក ឬពញ្ញាក់អារម្មណ៍ឲ្យអ្នកបើកបរលើដងផ្លូវគោរពច្បាប់ចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះការផ្សព្វផ្សាយ អប់រំ ពីច្បាប់ចរាចរណ៍ ត្រូវតែបន្តធ្វើជាប្រចាំ ទាំងទីប្រជុំជនរហូតដល់ជនបទ ដើម្បីលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើង ។
សម្តេចក្រឡាហោម បានរម្លឹកថា ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖
– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព ៕
ដោយ ៖ សិលា