ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសប្រេស៊ីលបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើននាក់។
តាមការប្រកាសរបស់អាជ្ញាធរក្នុងតំបន់នៅប្រទេសប្រេស៉ីលបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ក៏១២៦នាក់ដែរបានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយបាតុភូតភ្លៀងធ្លាក់ខ្លាំងនៅឯភាគឦសានប្រេស៉ីល តាំងតែពីថ្ងៃទី២៥ ខែឧសភាមក។
មកទល់ពេលនេះមានមនុស្ស២នាក់ នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដោយតែគ្រោះធម្មជាតិទាំងនោះ នៅក្នុងរដ្ឋ Pernambuco ខណៈដែលកិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះកំពុងឈានដល់ដំណាក់កាលចុងក្រោយ ហើយពួកគេកំពុងតែខិតខំឱ្យអស់ពីលទ្ធភាពដើម្បីតាមរកអ្នកដែលបាត់ខ្លួន។
ក្រៅពីអ្នកស្លាប់និងបាត់ខ្លួននៅមានមនុស្សយ៉ាងតិចក៏៩,៣០២នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានពួកគេ។ អ្នកទាំងនោះកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នដែលសរុបមាន១១១កន្លែង ស្ថិតនៅទីក្រុងចំនួន២៧។ បន្ថែមពីនេះ ទីក្រុងចំនួន២១ បានប្រកាសភាពអាសន្ន ខណៈដែលទីក្រុងសរុបចំនួន៥១ នៅទូទាំងរដ្ឋ Pernambuco បានទទួលរងការខូចខាត។
បាតុភូតភ្លៀងធ្លាក់ខ្លាំងដែលបានបន្តមកតាំងតែពីសប្តាហ៍មុននៅរដ្ឋ Pernambuco បានបង្កឱ្យមានគ្រោះរអិលបាក់ដី និងការជន់លិច នៅតាមផ្នែកជាច្រើននៃរដ្ឋភាគឦសានមួយនេះរបស់ប្រទេសប្រេស៉ីល៕ ដោយ៖ ធីរីណា
រូបថត ៖ vtv.vn