ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថានៅវេលា ម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្ដសៀមរាប មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយករណី ដែលបង្កដោយឈ្មោះ ទូច សុខា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិតូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ដសៀមរាបបានធ្វើសកម្មភាពដោយយកពូថៅដៃកាប់ ទៅលើជនរងគ្រោះ ឈ្មោះ លីវ ហួត ភេទស្រី អាយុ៦៩ឆ្នាំ ត្រូវជាអតីតភរិយាជនបង្ក រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប បណ្ដាល ឲ្យរងរបួសធ្ងន់៥កន្លែងដែលត្រូវត្រង់ក្បាល៣កន្លែងនិងដៃខាងឆ្វេង ២កន្លែង។
បើតាមការឆ្លើយបំភ្លឺ របស់ឈ្មោះ ទូច ប៉ែនគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនបង្កនិងជនរង គ្រោះ)បានឲ្យដឹងថា ឪពុកម្ដាយរបស់គាត់បានលែងលះគ្នា តាំងពីឆ្នាំ២០០៤មកម៉្លេះ(មានកូន០៣នាក់) ដោយសារការរស់នៅពុំចុះសម្រុងគ្នា និងមានទំនាស់ជាញឹកញាប់ រហូតដល់ពេលលែងលះគ្នាហើយ ក៏នៅតែពុំត្រូវគ្នាដែរ ។ លុះដល់ថ្ងៃកើតហេតុ ឪពុកគាត់(ជនបង្ក)បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1E.4430 មកពីស្រុកក្រឡាញ់ ដោយបានយកពូថៅដៃមកផងដែរ ហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្ដង។
សមត្ថកិច្ចបន្តថា ដោយសារមានទំនាស់ពាក្យសម្ដី និងមានគំនុំតាំងពីមុនមកផង (រឿងលែងលះគ្នា)។ ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនឆ្ពោះទៅស្រុកក្រឡាញ់វិញ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយយកពូថៅដៃទៅជាមួយផង។ ចំណែកជនរងគ្រោះត្រូវបានកូនៗ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ ដោយឡែកជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបកំពុងកសាងសំណុំដើម្បីបញ្ជូនបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ សូរិយា