ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សតិមិនល្អលោតទឹកស្ទឹងលើស្ពានសៀមរាប សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់មានសតិមិនល្អបានលោត ទឹកស្ទឹងលើស្ពានសៀមរាប សម្លាប់ខ្លួនត្រូវបានសមត្ថកិច្ចដឹកសពយកទៅទុកនៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ដើម្បីស្វែងរកបងប្អូន សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍បុរសម្នាក់លោត ទឹកសម្លាប់ខ្លួននោះ បានកើតឡើងនៅវេលាម៉ោង ២២ និង៥០ នាទីយប់ ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅមុខភោជនីយដ្ឋានសមភាពចាស់ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២នេះថា កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍( វិទ្យុទាក់ទង ពីប្រជាការពារ)ថា មានមនុស្សប្រុសម្នាក់ បានលោតទឹកស្ទឹង សម្លាប់ខ្លួន នៅមុខភោជនីយដ្ឋានសមភាពចាស់ ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើត ហេតុ និងបានសហការជាមួយប្រជាពលរដ្ឋ ចុះទៅជួយរាវរក ក៏ប្រទះឃើញពិតមែន ប៉ុន្តែជនរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបញ្ជាក់ថា សពមិនទាន់ស្គាល់អត្តសញ្ញាណ កម្ពស់ប្រហែល ១៦៥សង់ទីម៉ែត្រ សំបុរ ស រាងស្គម អត់ពាក់អាវ,ស្លៀកខោខូវប៊យជើងវែង ពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា ពណ៌ត្នោត ពាក់ស្រោមដៃពណ៌ខ្មៅ ខាងឆ្វេង មួយចំហៀង ។ បច្ចប្បន្នសពដំកល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា តាមការបំភ្លឺរបស់សាក្សី ឈ្មោះ វឿន សាវ៉ង់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរពេទ្យ បានបំភ្លឺថា: នៅវេលាម៉ោង ២២ និង ៥០ នាទីយប់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ ឃើញគាត់អង្គុយលេងនៅមាត់ស្ទឹងសៀមរាប( មាត់ស្ទឹងខាងលិច ) ទល់ មុខភោជនីយដ្ឋានសមភាពចាស់ ពេលកំពុងនិយាយទូរស័ព្ទ គាត់ បាន ឃើញមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ភិន ភាគអត់ពាក់អាវ រាងស្គម ស្លៀកខោជើងវែង មនុស្សប្រុសនេះ គាត់តែងឃើញដើររើសសំរាម តាមមាត់ស្ទឹង និងមានសតិមិនល្អ បានកាន់ថង់ ០១ ដើរឆ្លងស្ពានថ្មព្រះរាជដំណាក់ មកដល់មុខភោជនីយ ដ្ឋានសមភាពចាស់ ក៏បានបោះថង់ចូល ក្នុងទឹកស្ទឹង បន្ទាប់មក មនុស្សប្រុសនោះបានលតចូលទៅក្នុងទឹកស្ទឹង ភ្លាមនោះ គាត់ជិះម៉ូតូមកមើល និងស្រែកឱ្យគេជួយ ហើយរាយកាណ៍ជូនសមត្ថកិច្ច ប៉ុន្តែក្រោយពេលស្រង់មកលើគោក មនុស្សប្រុសនោះ បានស្លាប់បាត់ហើយ ។

ប្រភពបន្ថែមទៀតថា បន្ទាប់ពីពិនិត្យលើរាង្គកាយសាកសព រួចមកពុំឃើញមានស្លាកស្នាមរបួសអ្វីនោះទេ ។ ប្រភពពីសមត្ថកិច្ច ជំនាញរបស់ការិយាល័យបច្ចេកទេសខេត្តនិងបច្ចេកទេសក្រុងសៀមរាបបានសន្និដ្ឋានថា សពស្លាប់ដោយសា ឆ្លក់ទឹកបណ្តាលឱ្យស្លាប់ ពុំមាន ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យជំនាញបានយកសាកសព ដឹកទៅរក្សាទុក នៅមន្ទីពេទ្យបង្អែកខេត្ត សៀមរាប ដើម្បីបន្តស្វែងរកអត្តសញ្ញាណ និងឱ្យព័ត៌មានជួយផ្សព្វផ្សាយ ស្វែងរកបងប្អូនសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ៕

ដោយ៖ សូរិយា


ចែករំលែក៖