ខេត្តបន្ទាយមានជ័យ៖ ជារឿយៗគេសង្កេតឃើញលោកមេភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត សន មុន្នី តែងតែចូលរួមផ្ដល់ថវិកាឬជាសម្ភារប្រើប្រាស់ផ្សេងសម្រាប់ស្រ្តីទីទាល់ក្រខ្វះខាតសម្ភារនៅពេលគាត់ឆ្លងទន្លេ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដែលមានទីតាំងស្ថិតនៅភូមិប្រជាធម្មកើត ក្នុងសង្កាត់ផ្សារកណ្ដាល។
លោកតែងលើកឡើងថា ការផ្ដល់សម្ភារឬជាថវិកាមិនសំដៅឱ្យថតយកមកបង្ហោះតាមបណ្ដាញសង្គមឱ្យអ្នកផងឃើញនោះទេ ហើយការថតបង្ហោះនេះគឺក្រុមគ្រូពេទ្យលោកជាអ្នកធ្វើឡើង។ អ្វីដែលសំខាន់នៅក្នុងមន្ទីរពេទ្យនោះគីស្ត្រីមួយចំនួនដែលពួកគាត់គ្រប់ខែមកផ្ញើពោះនៅមន្ទីរពេទ្យខណៈដែលពួកគាត់ពុំមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជាទិញសម្ភារយកមកប្រើប្រាស់នៅពេលគាត់ឆ្លងទន្លេរួចខ្វះមុខខ្វះក្រោយ មានជាអាទិ៍ដូចជាកន្សែងពោះគោ សារុងជាដើម។
លោកមានប្រសាសន៍ថា នៅក្នុងការបញ្ជាទិញសម្ភារខាងលើនោះលោកមិនបានទទួលប្រាក់ពីសប្បុរសជនណាម្នាក់ដើម្បីទិញនោះទេ ប្រាក់ដែលលោកបានទិញនោះគីបានមកពីប្រពន្ធកូនរបស់លោកដែលប្រកបរបររកស៊ីបន្តិចបន្តួចប្រចាំគ្រួសារ ពីព្រោះកន្លងមកលោកតែងតែចូលទៅក្នុងមន្ទីរពេទ្យហើយបានឃើញភាពខ្វះខាតរបស់ពលរដ្ឋមួយចំនួនដែលគាត់មកឆ្លងទន្លេ។ ឃើញបែបនេះលោកគិតដល់កូនប្រពន្ធគេក៏ដូចកូនប្រពន្ធខ្លួនកាលពីមិនមានធនធានគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត នឹកឃើញសព្វគ្រប់បែបនេះហើយទើបមានចិត្តអាណិត។
លោកបន្ថែមថា រហូតមកដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២នេះសរុបទាំងអស់មានសារុងចំនួន១៤០និងកន្សែងពោះគោចំនួន៥០កន្សែងដែលលោកបានធ្វើទានដល់ស្ត្រីអ្នកឆ្លងទន្លេក្រីក្រ ។លោកបញ្ជាក់ថា ការផ្គត់ផ្គង់ដល់ស្ត្រីពោះធំមកឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យខាងលើនេះលោកមិនបានប្រកាន់និន្នាការបក្សអ្វីនោះទេសំខាន់គឺជូនដល់ពួកគាត់ដែលកំពុងទន្ទឹងរង់ចាំ។ ជាងនេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពទីទាល់ក្រក្នុងសហគមន៍ផងដែរ៕
ដោយ ៖ វណ្ណា