ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតី«សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន ២៥ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចំនួន ២៥ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.នក) អ្នកស្ម័គ្រចិត្តកាកបាទក្រហម មេភូមិ អ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់មកពីខេត្តពោធិសាត់ និងដៃគូសុខាភិបាល សរុបចំនួន ១០៦នាក់ ។

យោងតាមរបាយការណ៍បញ្ជាក់ថា, នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ បានផ្តោតការយកចិត្តទុកដាក់ការធ្វើពង្រឹង ប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកលដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និង សុខភាពប្រសើរជាងមុន» ។ វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលសែសិបឆ្នាំចុងក្រោយនេះ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម (Primary Health Care) ដែលបានបង្កើតឡើងនៅតាមមណ្ឌលសុខភាពជាច្រើននៅទូទាំងប្រទេស ដើម្បីផ្ដល់សេវាដ៏ទូលំទូលាយសម្រាប់ សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងការលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាលទ្ធផលឈានដល់ ការសម្រេចបានគោលដៅសហសវត្ស (MDG) ទី៤ និងទី៥ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ បានយ៉ាងច្រើន និងបានបង្កើនអាយុរំពឹងទុក (Life Expectancy) របស់ប្រជាជនកម្ពុជា។ )

លើសពីនេះ ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល (Universal Health Coverage) ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និង ធានាសុវត្ថិភាពសុខភាពសាធារណៈផងដែរ។ ចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅ កម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានាដើម្បីធ្វើឱ្យកាន់តែប្រសើរ ឡើងនូវការថែទាំសុខភាពបឋមនៅកម្ពុជា ព្រមទាំងកំណត់ជម្រើសគោលនយោបាយដើម្បីសម្រេចបានការ ផ្លាស់ប្តូរនេះក្នុងទសវត្សរ៍ក្រោយ។

លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន សង្ឃឹមទុកយ៉ាងមុតមាំថាសិក្ខាសាលារយៈពេល ២ថ្ងៃ នេះនឹងសម្រចទទួលបាននូវចំណុចសំខាន់ចំនួន ៣ ដូចខាងក្រោម៖

១. យោបល់ ឬអនុសាសន៍ល្អៗពីសិក្ខាសាសម្រាប់បញ្ចប់សេចក្តីព្រាងរបាយការណ៍ពិគ្រោះយោបល់ពី ស្ថានភាពការថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។

២. ធាតុចូលលើទំហំ (Scope) និងគ្រោងនៃក្របខ័ណ្ឌជំរុញការអនុវត្តការងារថែទាំសុខភាពបឋម។ ៣. ធាតុចូលពីយន្តការនៃការចូលរួមរបស់សហគមន៍ និងការលើកទឹកចិត្តក្រុមទ្រទ្រង់សុខភាពភូមិដែលអាចប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌជំរុញការងារថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។

ជាទីបញ្ចប់ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានថ្លែង អំណរគុណដល់ គណៈអធិបតី លោក លោកស្រី អ្នកនាង កញ្ញា សមាជិក សមាជិការ នៃ អង្គសិក្ខាសាលាទាំងអស់ដែលឆ្លៀតពេលដ៏មមាញឹកដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ ជាពិសេស លោកជំទាវ បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាដែលបានគាំទ្រ ថវិកា និងបច្ចេកទេសជាមួយក្រសួងសុខាភិបាលសម្រាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង ៕

ដោយ ៖ សិលា


ចែករំលែក៖