ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ដោយសារតែបាតុភូតធម្មជាតិ ខណៈភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានធ្វេីឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង និងសម្ភារៈមួយចំនួនធំរងការខូចខាត នៅក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន នៅរសៀលថ្ងៃទី០៨ ខែមិថុនាម្សិលមិញនេះ។
ជាក់ស្ដែងរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុង-ស្រុក បានបញ្ជាក់ថា ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង រងការខូចខាតដួលរលំ របើកដំបូល និងខូចខាតសម្ភារៈមួយចំនួនធំ ក្នុងនោះនៅក្រុងពោធិ៍សាត់ គឺរបើកដំបូលផ្ទះចំនួន ០៩ខ្នង បាក់អង់តែនចំនួន ០១ដើម និងបាក់មែកឈើបណ្តាលឲ្យខូចខាតរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់មួយគ្រឿង ។ ចំពោះស្រុកកណ្តៀងមានរងគ្រោះធម្មជាតិទៅលើឃុំចំនួន០៤ គឺឃុំវាល ឃុំអន្លង់វិល ឃុំស្វាយលួង និងឃុំកោះជុំ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នង រងការខូចខាត ធ្លាក់ពីលើជើងតាង ០១ខ្នង ដើមឈើរលំលើ ០១ខ្នង របើកដំបូលផ្ទះ ២៣ខ្នង បាក់សំយ៉ាបផ្ទះ ០១ របើកដំបូលបន្ទប់ទឹក ០១ និងរលំផ្លាកគណៈបក្សប្រជាជនកម្ពុជា ០១កន្លែង ។ រីឯនៅស្រុកបាកាន មានគ្រោះថ្នាក់ធម្មជាតិនៅឃុំបឹងបត់កណ្តោល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង រងការខូចខាតរបើកដំបូល ។
គួរបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនរងការខូចខាត ដែលគួរឲ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ ទាំងសម្ភារៈ និងជីវិតមនុស្ស សត្វ ៕
ដោយ៖សហការី