ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះប្រពលរដ្ឋចំនួន ៣៧ខ្នង និងសម្ភារប្រើប្រាស់មួយចំនួនធំរងការខូចខាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ដោយសារតែបាតុភូត​ធម្មជាតិ​ ខណៈភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានធ្វេីឱ្យ​​ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង និងសម្ភារៈមួយចំនួនធំរងការខូចខាត​ នៅក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន នៅរសៀលថ្ងៃទី០៨ ខែមិថុនាម្សិលមិញនេះ។

ជាក់ស្ដែង​របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុង-ស្រុក បានបញ្ជាក់ថា ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង រងការខូចខាតដួលរលំ របើកដំបូល និងខូចខាតសម្ភារៈមួយចំនួនធំ ក្នុងនោះនៅក្រុងពោធិ៍សាត់ គឺរបើកដំបូលផ្ទះចំនួន ០៩ខ្នង បាក់អង់តែនចំនួន ០១ដើម និងបាក់មែកឈើបណ្តាលឲ្យខូចខាតរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់មួយគ្រឿង ។ ចំពោះស្រុកកណ្តៀងមានរងគ្រោះធម្មជាតិទៅលើឃុំចំនួន០៤  គឺឃុំវាល ឃុំអន្លង់វិល ឃុំស្វាយលួង និងឃុំកោះជុំ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នង រងការខូចខាត ធ្លាក់ពីលើជើងតាង ០១ខ្នង ដើមឈើរលំលើ ០១ខ្នង របើកដំបូលផ្ទះ ២៣ខ្នង បាក់សំយ៉ាបផ្ទះ ០១ របើកដំបូលបន្ទប់ទឹក ០១ និងរលំផ្លាកគណៈបក្សប្រជាជនកម្ពុជា ០១កន្លែង ។ រីឯនៅស្រុកបាកាន មានគ្រោះថ្នាក់ធម្មជាតិនៅឃុំបឹងបត់កណ្តោល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង រងការខូចខាតរបើកដំបូល ។

គួរបញ្ជាក់ថា​ នេះគឺជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនរងការខូចខាត ដែលគួរឲ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ ទាំងសម្ភារៈ និងជីវិតមនុស្ស សត្វ ៕

ដោយ​៖សហការី​


ចែករំលែក៖