ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ប់ សារិន អរគុណគណៈអភិបាលរាជធានីលើកិច្ចការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតដោយជោគជ័យនិងគ្មានអំពើហិង្សានៅរាជធានី

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអង្គភាពពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សានៅរាជធានីភ្នំពេញ ។  

   ការកោតសរសើរដូច្នេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២  នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

      លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា។ បានរារាំងទប់ស្កាត់សកម្មភាពរបស់អតីតបុគ្គលិកណាហ្គាវើលដ៍បានល្អ និងបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងខែឧសភាឆ្នាំ២០២២កន្លងមកនេះបានល្អប្រសើរ។ 

   លោកម៉ប់ សារិន បានបន្តថា៖ ក្នុងខែឧសភា ឆ្នាំ២០២២នេះឃើញថា មានកំណើនបរិមាណនៃការប្រមូលសំរាមជាមធ្យមក្នុង១ថ្ងៃ(៣៧៩៥,៧៣តោន) ហើយត្រូវបានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អនិងទាន់ពេលវេលា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំឱ្យបន្តការផ្សព្វផ្សាយអំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាមតាមពេលកំណត់ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។

   លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញជំរុញការចាក់វ៉ាក់សាំងជូនកុមារឱ្យបានគ្រប់ដូសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោកថា នៅលើពិភពលោកគេបានទទួលស្គាល់រួចហើយថាប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។ ដូច្នេះការងារនេះយើងត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថាមនុស្សម្នាក់មិនអាចទទួលការងារនេះទទួលបានជោគជ័យនោះទេ។ 

      ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថា៖ ចំពោះដើមឈើនៅក្នុងរាជធានីភ្នំពេញ ត្រូវតែអភិរក្សឱ្យបានល្អបំផុត ។  ចំពោះដើមឈើចាស់ៗ ប្រហោងក្នុងដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ គឺអាចស្នើសុំកាប់បាន តែត្រូវដាំជំនួសមកវិញ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញនៅរក្សាបានជាទីក្រុងមានពណ៌បៃតង និងបរិស្ថានល្អ៕ 

 

ដោយ ៖  សំរិត


ចែករំលែក៖