ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

គ).ជើងគម្រប់៣

* ស៊ីស្លាបញ្ចប់ពាក្យ

  អំណើះអំពីនោះមក អ្នកសាមីដើមការ ត្រូវគិតគូរទៅដណ្ដឹងឱ្យបានជាដាច់ស្រេចតទៅ។ មុននឹងទៅ ត្រូវជូនព័ត៌មានទៅដល់ខាងស្រីដូចមុន។ ចំណែកឯខាងស្រីសោត ក៏ត្រូវកំណត់ថ្ងៃខែឲ្យមកនឹងត្រូវរៀបចំគេហដ្ឋាន និងអញ្ជើញពួកញាតិសន្តានសាច់សាលោហិតឲ្យមកកាន់ទីសន្និបាតក្នុងផ្ទះនោះចំនួនច្រើនជាងលើកមុន ព្រោះជើងនោះជាការសំខាន់ដែលត្រូវអនុម័តឬបដិសេធដោយដាច់ខាតតទៅថា ត្រូវឲ្យ ឬត្រូវឈប់ខាន នេះជាកិច្ចរបស់ញាតិ ក៏ជាក្រុមប្រឹក្សា ត្រូវសម្រេចដោយព្រមព្រៀងគ្នានឹងមាតាបិតា ឬអាណាព្យាបាល ។ អ្នកសាមីដើមការការបានដំណឹងមកហើយ ត្រូវពឹងរកអ្នកផ្លូវ៣ នាក់ដូចមុននឹងប្រុស ៣ នាក់ទៀតគឺរកបុរសដែលមានគុណសម្បត្តិដូចដែលមេបាបង្គាប់មកខាងលើនេះឱ្យបាន ២ នាក់តាមប្រក្រតី ។គេច្រើនយកអ្នកដែលធ្លាប់ធ្វើការនោះមានកេរ្តិ៍ឈ្មោះមកហើយនឹងក្មេងប្រុសជំទង់១នាក់ទៀតឲ្យជាអ្នកកាន់គ្រឿងប្រដាប់សម្រាប់អ្នកដណ្ដឹងនោះ រហូតអ្នកដណ្ដឹងបីនាក់នេះហៅតាមភាសាស្រុកថា ” អ្នកមហា” ហើយត្រូវរៀបចំរណ្តាប់ភស្តុភាបណ្ដាការឲ្យមានចំនួនច្រើនជាងជើងមុនៗតាមបែបដែលលោកកំណត់ទុកមកនោះដូច្នេះគឺ÷

១- ស្លា ១០០ ដៃ

២- ម្លូ  ២០០ ត្របក

៣- ថ្នាំ ២៨ ដុំ

៤-  ស្លាជ្វា ២៨ ដុំ

៥- ទៀន ១ ដុំ

៦- ស្រា ៤ សឹក (៤ដប)

របស់អម្បាលនេះឲ្យញែកទដាក់ទង១គូ

៧- ចេកទុំ ២ តោក

៨- នំអន្សម ២ តោក

៩- នំគម ២ តោក

១០- នំបង់ខ្លាញ់ ២ តោក

១១- នំកន្រ្តំ ២ តោក

១២- នំក្រូច ២តោក

ព្រមទាំងបន្លែ ៣ មុខ រួមប្រមាណជាមួយកញ្ច្រែង និង អង្ករ ត្រីមាន់ ទា ទៀតតាមសមគួរ។

  ឯឈ្មោះរបស់និងចំនួនរបស់ជាគ្រឿងបណ្ដាការសម្រាប់ដណ្ដឹងដែលរៀបរាប់មកខាងលើនេះ បានកត់យកតាមរបៀបដែលមានក្នុងសៀវភៅ ទម្រង់ការបុរាណមួយយ៉ាងដែលថា ព្រះជ័យចេស្ដារាមារឥសូរ ទ្រង់តែងទុកសុំឲ្យជ្រាបថា នេះជារបៀបបុរាណសុទ្ធលុះកន្លងមកដល់វេលានេះ របៀបនេះបានប្រែប្រួលទៅតាមកាលៈទេសៈនិយមដូចជា គ្រឿងផ្លែឈើរបស់ចាស់មានតែផ្លែ ចេកមួយមុខ។ សព្វថ្ងៃស្រុកខ្លះដែលសម្បូរផ្លែឈើគេប្រើផ្លែឈើផ្សេងៗច្រើនមុខជាងនេះដូចយ៉ាង ផ្លែក្រូច មង្ឃុត ល្មុត ម្នាស់ ។ ល ។

  តាមរដូវដែលឈើណាផ្លែក៏ប្រើផ្លែឈើនោះ នឹងត្រូវរៀបរបស់សម្រាប់បញ្ចាំចិត្តជាគ្រឿងមាសពេជ្រដូចយ៉ាងខ្សែខ្លួន ខ្សែក កង.ទំហ៊ូ យ៉ាងណានីមួយនិងសំពត់ស្លៀក១ អាវព្រែ១ ក្រមា ព្រែ១ (ជួនកាលមានឆាប់មួយផង) ។

  ការរៀបរួចហើយ ត្រូវប្រគល់ឲ្យអ្នកផ្លូវ អ្នកមហា និងអ្នកជំនួញខ្លះទៀតនាំទៅកាន់ត្រកូលខាងស្រី និងត្រូវតាក់តែងកូនប្រុសដែលជាសាមីខ្លួនឲ្យទៅជាមួយនោះផង។ ការទៅដល់ភូមិនោះអ្នកផ្លូវត្រូវប្រាប់ឲ្យកូនប្រុសទៅសំណាក់នៅផ្ទះអ្នកណាមួយមួយអន្លើសិន រង់ចាំគេហៅខ្លួនសឹមឡើងទៅ។ ចំណែកឯអ្នកផ្លូវចៅមហា ត្រូវនាំបណ្ដាការឡើងទៅលើផ្ទះខាងស្រីក្នុងវេលានោះនឹងឃើញពួកមេបា ប្រុស ស្រីអង្គុយចាំត្រៀបត្រា។ (នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖