ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ទាំង២៥ ពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣,ទី៤,ទី៥ ជូនដល់កុមារ និងប្រជាពលរដ្ឋចាប់ពីអាយុ៥ឆ្នាំឡើងទៅ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ម៉ម ប៊ុនហេង បាន ជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥

កម្មវត្ថុ៖ ការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ ដូសទី៤ និងដួសទី៥) ជូនដល់ កុមារ និងប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ៥ឆ្នាំឡើង។

យោង ៖- អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

– សេចក្តីជូនព័ត៌មានជាបន្តបន្ទាប់របស់ គ.វ.ក-១៩ ស្ដីពីការចាក់វ៉ាក់សាំងដូសជំរុញ (ទាំងដូសទី៣ដួសទី៤ និងដូសទី៥) ។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ជ្រាបថា ដើម្បីបង្កើនភាពស៊ាំរបស់បុគ្គល ក៏ដូចជា ភាពស៊ាំក្នុងសហគមន៍ សំដៅបង្ករពីការយាយីធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីៗ គ.វ.ក-១៩ បានផ្តល់និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖

-ក្រុមអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ គ.វ.ក-១៩ កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងដូស ទី៣នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥។

-ក្រុមអាយុចាប់ពី១២ឆ្នាំឡើង គ.វ.ក-១៩ កំពុងបន្តចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងដូសទី៥ នៅ តាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យជាតិ និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥។

ដោយបច្ចុប្បន្ននេះក្រសួងសុខាភិបាលសង្កេតឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ ដូសទី៤ និងដូសទី៥) ដល់ក្រុមគោលដៅខាងលើនៅមានចំនួនតិចនៅឡើយ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកដល់ លោក លោកស្រី សូមបន្តធ្វើការអប់រំផ្សព្វផ្សាយពីផលប្រយោជន៍ នៃការចាក់ វ៉ាក់សាំងដូសជំរុញ និងបន្តធ្វើការណែនាំ កៀរគរក្រុមគោលដៅខាងលើ ដែលមានគម្លាតចាប់ពី៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬដូសទី៣ ឬដូសទី៤ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដួសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់គ្នា។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្ត រៀបចំ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចុះចាក់តាមរោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាលនានា ឬចុះចាក់ ដល់ទីសំណាក់របស់ក្រុមគោលដៅខាងលើជាបន្តទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ចូលរួមសហការ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមលោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖