ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១នាក់ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ អង្គភាពអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបង្ហោះរបាយការណ៍ ស្តីពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ នៅថ្ងៃទី១០ខែមិថុនា២០២២ ម៉ោង២២និង០០នាទី។

សមត្ថកិច្ចបានបញ្ជាក់ថា, -ជនរងគ្រោះឈ្មោះអៀង អុំ ភេទ ស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅភូមិសាលា មនាង ឃុំបឹងព្រាវ ស្រុកស្រែអំពិល ខេត្តកោះកុង។ 

ដោយឡែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ថោង សីហា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបន្តថា, ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះ កាន់កាបូបយួរពណ៌ខ្មៅ ក្នុងកាបូបមាន ៖ ខ្សែកមាស ១ខ្សែ ទម្ងន់ ១ តម្លឹង, ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៥ជី, ប្រាក់ ១២ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខៀវ ឈរចាំកូន ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះថោង សីហា និងឈ្មោះ រ៉ូ ដើរមកជិត ឆក់កាបូបពីដៃជនរងគ្រោះបានសម្រេចរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតក្បែរនោះ ជួយអន្តរាគមន៍ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះថោង សីហា រួមនិងវត្ថុតាងកាបូបយួរជនរងគ្រោះ បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។ រីឯ ជនសង្ស័យឈ្មោះ រ៉ូ រត់គេចខ្លួនបាត់។ 

+លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន) ៕

ដោយ ៖ សហការី


ចែករំលែក៖