ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យម្នាក់ជាឈ្មួញជួញដូរអាវុធប្រភេទដាវសាមូរ៉ៃខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាឈ្មួញជួញដូរអាវុធខុសច្បាប់ប្រភេទដាវសាមូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តចាត់ការតាមនីតិវិធី។

    ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ -ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ក្នុងភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   ប្រតិបត្តិការបង្ក្រាបឈ្មួញជួញដូរអាវុធខុសច្បាប់នេះបានធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីមន្រ្តីជំនាញបានឱ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ គឺជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាមូរ៉ៃនៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឱ្យអតិថិជនដែលចង់ទិញដាវសាមូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខផ្ទាល់ខ្លួនបាន។

    មន្រ្តីជំនាញបានបន្តទៀតថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាមូរ៉ៃប្រវែង៧០សង់ទីម៉ែត្រ ទៅប្រគល់ឱ្យអតិថិជននៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាមូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រចំនួន០១ដើមបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ រហូតដល់វេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២  ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមរយៈទូរស័ព្ទដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលផងនោះបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យលេខ១០៧ នៃផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាងដាវសាមូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖