(តពីលេខមុន)
អ្នកមហាគប្បីជំរាបតាមពិតថាសូមទាន សូមក្រាបប្រណិប័តន៍អស់លោកមេបាសូមទានជ្រាប។
តែកូនប្រុសខ្ញុំប្របាទមានរូបឆោមជាមជ្ឈិមបុរស ឥតមានវិកលចរិតពិការអវៈយវៈឯណានិមួយដែលមិនគួរដល់ការងារសម្រាប់ខ្លួននោះទេ។
ពួកមេបាត្រូវឆ្លើយថា ដែលអ្នកមហានិយាយមកតែមាត់ទទេដូច្នេះ នឹងយកជាបន្ទាល់ពុំបានត្រូវឲ្យអ្នកមហានាំខ្លួនកូនប្រុសមកឱ្យយើងជាមេបារាល់គ្នាពិនិត្យមើលក្នុងកាលឥឡូវនេះ។
អ្នកមហាត្រូវប្រាប់អ្នកផ្លូវឲ្យទៅនាំយកកូនប្រុសមក។ ការកូនប្រុសមកដល់ហើយ អ្នកមហាត្រូវជម្រាបជូនខ្លួនកូនប្រុសថាសូមទាន សូមក្រាបប្រណិប័តន៍ជូនខ្លួនកូនប្រុសសូមលោកមេបាពិនិត្យមើលរូបឆោមចុះ។
ពួកមេបាត្រូវបង្គាប់ឲ្យកូនប្រុសនោះដោះអាវចេញហើយពិនិត្យមើលរាងកាយសព្វគ្រប់ទៅកាលបើពិនិត្យរួចហើយត្រូវប្រាប់អ្នកមហាវិញថា កូនប្រុសអ្នកមហានោះមានរូបឆោមគ្រាន់បើហើយ តែយើងនៅមានចិត្តពិផលឆ្ងល់សង្កាថា ក្រែងកូនប្រុសអ្នកឯងជាអ្នកលេងអ្ ប្រមឹកផឹកស្រវឹង ជក់អាភៀនញៀនកញ្ឆា ឬប្រព្រឹត្តភ្នាល់លេងល្បែងដើរស៊ីសងរហូតដល់ទៅមានជំពាក់បំណុលគេដ៏ច្រើនលើសលប់ ឬមានស្រីសង្សារកំណាន់ចិត្តហើយ តែមាតា បិតានាំបង្វិលមកដណ្ដឹងកូនយើង អម្បាលនេះជាដើម ជាកិច្ចដែលយើងត្រូវពិនិត្យដែរ។
អ្នកមហាត្រូវប្ដេជ្ញានិងទទួលធានាលើខ្លួនចំពោះមុខកូនកំលោះថា កូនប្រុសខ្ញុំប្របាទជាអ្នកប្រព្រឹត្តសុចរិតស្លូតត្រង់ត្រឹមត្រូវ ដូចអ្នកស្រុកទាំងពួង មិនមានប្រព្រឹត្តបទអាក្រក់ទាក់ទាមដោយបទអាក្រក់ទាំងប៉ុន្មានដូចលោកចោទមកអម្បាញ់មិញនោះទេ។ ខ្ញុំប្របាទសូមធានាលើខ្លួនសូមឱ្យលោកស៊ើបសួរមើលចុះ បើមិនពិតដូចខ្ញុំប្របាទថា ខ្ញុំប្របាទសូមទទួលទោសដោយឲ្យលោកផ្ដាច់ចេញ ហើយឲ្យអូសយកភស្តុភារបណ្ដាការដែលជូនភ្ជាប់ពាក្យបញ្ចាំចិត្តទាំងអស់ចុះ។
អ្នកមហាត្រូវទទួលចុះសម្រុងថាអើ បើអ្នកមហាទទួលធានាលើខ្លួនដូច្នេះ យើងក៏ព្រមល្មមឲ្យហើយ តែថាតាំងអំពីនេះតទៅត្រូវអ្នកមហាប្រាប់កូនប្រុសឲ្យស្គាល់និងរាប់អានយើង រាប់អានគ្នាមេបាអម្បាលនេះ គឺឈ្មោះជាឪពុកធំ ឈ្មោះនេះជាម្ដាយធំ ឈ្មោះនេះជាមារ ជាម្ដាយមីង។ល។
អ្នកមហាត្រូវទទួលថា ខ្ញុំប្របាទនឹងប្រៀនប្រដៅកូនប្រុសនិងគោរពរាប់អានលោកមេបាត្រកូលរៀមច្បង។ ប៉ុណ្ណេះហើយអ្នកមេបាត្រូវលើកគ្រឿងស្លាភ្ជាប់ពាក្យជូនទៅមេបាស្រីពិសា ពួកមេបាគប្បីបៀកម្លូពិសាម្ដងពីរសន្លឹកដូចមុន។
លំដាប់នោះ អ្នកមហាត្រូវជំរាបលោកមេបាថា សូមអស់លោកមេបាមេត្តាពិតពិលរមិលមើលនៅគ្រឿងភស្តុភារបណ្ដាការអម្បាលនេះ បើខ្វះខាតត្រង់មុខណា និងបានថែមជូនទាល់តែគ្រប់គ្រាន់។ ពួកមេបាត្រូវតបថា ល្មមគួរសមហើយ ហើយត្រូវប្រាប់ស្មៀនម្នាក់ឲ្យមកកត់ត្រារបស់ទាំងអម្បាលនោះទុកជាចំណាំតទៅ ក្រែងកើតហេតុទៅថ្ងៃក្រោយ នឹងបានជាបន្ទាល់ ។ ប៉ុណ្ណោះឈ្មោះថាស្រេចការក្នុងរឿងដណ្ដឹងហើយ។
ក្នុងឱកាសដែលស៊ីស្លាបញ្ចប់ពាក្យហើយនេះ តាមទំនៀមបុរាណអ្នកមហាត្រូវជម្រាបសូមឲ្យមេបា រឿងធ្វើផ្ទះមេបាបង្គាប់ឲ្យធ្វើផ្ទះមួយខ្នង បីល្វែងមានហប់មុខ ហប់ក្រោយគ្រឿងផ្ទះនោះយកឈើអ្វី ប្រវែងទទឹង បណ្តោយប៉ុន្មានម៉ែត្រ កម្ពស់ប៉ុន្មានម៉ែត្រ ប្រក់ស្លឹកឬប្រក់ក្បឿង ជញ្ជាំងស្លឹកឬជញ្ជាំងក្តារ ក្រាលរនាបឬក្តារ ត្រូវបង្គាប់ឱ្យសព្វគ្រប់ដែរតែមុខនេះត្រូវមេបាពិតពិលរមិលមើលធនធាននិងវង្សត្រកូលទាំងសងខាងនឹងត្រូវព្រមព្រៀងមួយអន្លើ ដោយមាតាបិតា ឬអ្នកអាណាព្យាបាលផ្ទាល់ ហើយឲ្យធ្វើក្នុង ៦ ខែទៅដល់មួយឆ្នាំ។ សម័យនេះពួកអ្នកក្រុងគេមិនបង្គាប់ឲ្យធ្វើផ្ទះទេគេបង្គាប់យកជាប្រាក់ជំនួសក៏មាន គេមិនបង្គាប់ក៏មាន។ ចំណែកឯអ្នកស្រុកក្រៅនៅកាន់ទំនៀមបង្គាប់ឱ្យធ្វើផ្ទះនៅឡើយជាច្រើន។
ក្នុងឱកាសដែលបណ្ដឹងជាគម្រប់៣ជើងនោះ ពួកមេបាបានសួរបញ្ជាក់ពីគំនិតមារយាទរបស់កូនប្រុសសព្វគ្រប់ អ្នកមេបាបានជម្រាបថា មានគំនិតមារយាទល្អ សូមឱ្យស៊ើបសួរមើលចុះ បើមិនពិតដូចពាក្យជម្រាបសូមឲ្យផ្ដាច់ចេញចុះ តែម្លឹងហើយក៏ពួកមេបានៅមិនទាន់អស់ចិត្ត មានទំនៀមថា ពីត្រឹមវេនាដែលដណ្ដឹងគ្រប់៣ជើងហើយត្រូវឲ្យកូនប្រុសទៅបម្រើម្ដាយក្មេក ឪពុកក្មេក ដរាបដល់ពេលរៀបការ។ ការដែលនាំឲ្យកូនប្រសាទៅនៅបម្រើដូច្នេះ ក៏ដើម្បីនឹងពិនិត្យមើលគំនិតមារយាទនោះឯង ក្នុងរវាងដែលកូនប្រសាទៅបម្រើនោះមានផ្ដាច់ជាច្រើនណាស់ ហើយដោយហេតុកូនប្រសានោះទៅសម្ដែងកិរិយាមាយាទអាក្រក់ឱ្យគេឃើញ។
តែកាលដែលទៅនៅបម្រើត្រូវទៅនៅទាំងអស់គ្នា ដោយខានមិនបាននោះទេ ស្រេចហើយតែម្ដាយក្មេក ឪពុកក្មេក គេត្រូវការឱ្យនៅបម្រើផងទើបទៅនៅបម្រើបាន។ អ្នកខ្លះគេមិនចូលចិត្តឲ្យកូនប្រសាដែលមិនទាន់ស៊ុបដូច្នេះមកនៅបម្រើក៏មានដែរ។ គេមិនត្រូវការឱ្យមកនៅបម្រើក្តី ឬសាមីខ្លួនកូនប្រសានោះជាអ្នកទីទាល់ក្រ គ្មានអ្នកកាន់កាប់ការក្នុងផ្ទះជំនួសខ្លួនក្តី កូនប្រសានោះជាអ្នករាជការក្តី អម្បាលនេះសូម្បីមិនទៅនៅបម្រើក៏បាន។(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត