ភ្នំពេញ៖ នៅអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានលើកឡើងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់ទិសដៅយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងបែបនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាទី១ បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងប្រជុំត្រួតពិនិត្យលើពង្រៀងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្រ្គោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២២ ដើម្បីសំដៅការពារ ការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសងាយរងគ្រោះ ដោយការប្រែប្រួល អាកាសធាតុ ពិសេស មុខសញ្ញាគ្រោះថា្នក់ទឹកជំនន់ ហើយគ្រោះមហន្តរាយទឹកជំនន់តែងតែជួបប្រទះញឹកញាប់ធ្វើឱ្យ មានការខូចខាត បាត់បង់មានទំហំធំជាងបើប្រៀបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ដទៃដែលកើតមាននៅក្នុងប្រទេស។ ស្ថានភាពគ្រោះមហន្តរាយទឹកជំនន់កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំបច្ចុប្បន្នភាព ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ដែលមានមុខសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ រាំងស្ងួននិងគ្រោះមហន្តរាយបង្កឡើងដោយបនុស្សផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១បន្តថា គោលបំណងនៃផែនការនេះគឺ ការកំណត់ត្រៀមទុកជាស្រេចនូវយន្តការនិងធនធានរបស់ស្ថាប័នគិតទាំង កម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ល។ ឱ្យសមស្របទៅនឹងតម្រូវការ របស់ប្រជាជនរងគ្រោះដោយគ្រោះទឹកជំនន់ ពិសេសក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកទីទ័លក្រ ទទួលបាននូវសេវាសុខភាព ទឹកស្អាត អនាម័យ ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការអប់រំ ការការពារ និងស្បៀងអាហារ។
លោកនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍បន្តទៀតថា មានការរំពឹងទុកចំនួន៧ចំណុច ត្រូវបានដាក់ចេញក្នុងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ ទឹកជំនន់សម្រាប់រាជធានី-ខេត្ត រួមមាន៖១,ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហើយគ្មានឬប្រឈមនឹងការគ្មានជម្រកស្នាក់នៅនឹង ទទួលបានការជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព។២,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្តោះអាសន្ននឹងទទួល បានការការពារសុវត្ថិភាពពីហានិភ័យនានាដែលអាចកើតមានជាយថាហេតុ។
៣,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្ដោះអាសន្នទទួលបាន ជម្រកបណ្ដោះអាសន្នសមរម្យ សម្រាប់ការស្នាក់នៅបណ្តោះអាសន្ន។
៤,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្តោះអាសន្ន ទទួលបាន ទឹកស្អាតគ្រប់គ្រាន់ សម្រាប់បរិភោគ ប្រើប្រាស់ និងមានអនាម័យ។
៥,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្ដោះអាសន្នទទួលបាន
ស្បៀងអាហារជាអង្ករគ្រឿងឧបភោគបរិភោគនិងបរិក្ខារចម្អិនគ្រប់គ្រាន់។ ៦,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលបានស្នាក់នៅបណ្ដោះអាសន្នទទួលបានសេវាកម្មសុខភាពបឋមនៅនឹងកន្លែង។
៧,ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទទួលបានព័ត៌មាននានា ពីស្ថានភាពគ្រោះមហន្តរាយទឹកជំនន់និង ព័ត៌មានចាំបាច់មួយចំនួនពីប្រតិបត្តិការឆ្លើយតប សង្គ្រោះបន្ទាន់ ដែលពាក់ព័ន្ធដល់គេ។
អង្គការអន្តរជាតិ តំណាងបេសកកម្ម និងស្ថានទូតបរទេសដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រ កម្ពុជានិងមាននិវេសនដ្ឋាននៅបរទេសអាចចូលរួមក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការឆ្លើយតបគ្រោះ មហន្តរាយ។
លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី-ខេត្ត ភ្នាក់ងារអង្គការ សហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសហការរៀបចំផែនការត្រៀមបម្រុងឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយនាពេលកន្លងមក។
គួសបញ្ជាក់ផងដែរថាផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនេះគឺជាផែនការ ដែលបានធ្វើបច្ចុប្បន្នភាពជាលើកទី៣ ដើម្បីត្រៀមសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ដែលអាចកើតមាននៅ ក្នុងឆ្នាំ២០២២ នេះដោយឈរលើការប្រកាសឲ្យដឹងមុនពីមុខសញ្ញាគ្រោះថ្នាក់ដែលបានព្យាករណ៍ដោយសា្ថប័ន ជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ស តារា