ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ ៣សង្កាត់ ក្នុងក្រុងសិរីសោភ័ណជាង៤០ខ្នងត្រូវខ្យល់វាយប្រហារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋជាង៤០ខ្នង លើសង្កាត់ចំនួន៣ក្នុងក្រុងសិរីសោភ័ណ ត្រូវ បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។

លោកអធិការនគរបាលក្រុងសិរីសោភ័ណ  ស៊ី ឌី បានឲ្យដឹងថា៖នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ មានភ្លៀង ផ្គររន្ទះ លាយឡំជាមួយនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣សង្កាត់ បានរងនូវការខូចខាត ធ្ងន់ និងស្រាល សរុបចំនួន៤៥ខ្នង ក្នុងនោះមាន៖១/-សង្កាត់អូរអំបិលចំនួន១ខ្នង,២/-សង្កាត់ព្រះពន្លា៣៤ខ្នង,៣/-សង្កាត់កំពង់ស្វាយចំនួន១០ខ្នង។

លោកអធិការបានបញ្ជាក់ថា៖ក្នុងករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខូចខាតតែផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយចំនួន ៕

លោកបញ្ជាក់ថាក្នុងរដូវវស្សាឈានចូលមកដល់សូមបងប្អូនពលរដ្ឋមេត្តាប្រុងប្រយ័ត្នផ្គររន្ទះ ដែលបងប្អូនធ្វើដំណើរមេត្តាកុំចូលជ្រកក្រោមដើមឈើ ការពារជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖