ខេត្តកណ្ដាល៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ «នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខ្ញុំឃើញមានតាបប៊ីយែរមួយកន្លែង បង្កឱ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
អាស្រ័យដូចនេះ សូមថ្នាក់លើជួយមើលកូនចៅផង ដើរល្បាតរហូតតែមើលមិនឃើញ ។ ខ្ញុំអាណិតក្មេងៗមួយចំនួននៅក្បែរហ្នឹង មិនគិតខំរៀនសូត្រគិតតែបុកប៊ីយែរ អនាគតទៅជាយ៉ាងណា? ខ្ញុំមិនបន្ទោសអាជ្ញាធរទាំងស្រុងនោះទេ អាណាព្យាបាល ឬឪពុកម្តាយតំបន់នោះក៏មិនសូវខ្វល់ពីកូនចៅទេ ។ ឆ្នោត បៀរ បុកប៊ីយែរ ជល់មាន់ មានសព្វគ្រប់ភូមិនេះ»។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ ។
ជាលទ្ធផល ៖ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣៥នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ចុះទៅដល់ទីតាំងផ្ទះឈ្មោះ វ៉ាន់ សុកាយ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាមានតាបបុកប៊ីយែរប្រាកដមែន តែពុំមានការលេងល្បែងស៊ីសង ឆ្នោត បៀរ និងជល់មាន់ នោះឡើយ ។
ចំពោះម្ចាស់ទីតាំងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាហាមដាច់ខាតមិនអោយសិស្សសាលា និងក្មេងៗ ចូលលេងបុកប៊ីយែរ រួមទាំងផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី