ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន នៅព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ខ្ញុំបានលាមិត្តទាំងពីររបស់ខ្ញុំ គឺឯកអគ្គរដ្ឋទូតតួកគី និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានបន្តថា៖ លោកស្រី អៃដា អ៊ុនលូ និង លោក គ្រីស្ទីន ប័រហ្គ័រ បានបញ្ចប់បេសកកម្មការទូតប្រកបដោយភាពជោគជ័យ ខណៈដែលការចូលរួមចំណែករបស់ពួកគាត់បានបង្កើតផលប្រយោជន៍ជាច្រើន សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ជាក់ស្តែង ទំនាក់ទំនងរវាងប្រទេសយើងជាមួយតួកគី និងអាល្លឺម៉ង់ក៏ត្រូវបានពង្រឹងលើវិស័យជាច្រើនផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរដោយស្មោះដល់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គាត់ទាំងពីររូប។
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានបន្តថា៖ ខ្ញុំជឿថានេះមិនមែនជាលើកចុងក្រោយដែលយើងបានជួបគ្នានោះឡើយ ៕
ដោយ ៖ សិលា