ភ្នំពេញ ៖ លោក ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាន អគ្គលេខាធិការ ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា មួយចំនួននៅទីស្នាក់ការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល១ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន ១៣លើក នៅមូលដ្ឋានខេត្តចំនួន៩ បណ្តាលឱ្យមនុស្សស្លាប់ ១០នាក់ (ស្រី៥) របួស០៩នាក់ និងងាប់គោក្របី ១៦ក្បាល។
រយៈពេល១ខែដូចគ្នា មានការករណីខ្យល់កន្ត្រាក់ បានកើតមានចំនួន ៣១លើក នៅរាជធានីខេត្តចំនួន១៨ បង្កការប៉ះពាល់ និងខូចខាត៖ ផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១៤៨ខ្នង ផ្ទះរបើកដំបូល និងខូចមធ្យម ៥៨៥ខ្នង ដើមឈើរលំបាក់ ១២ដើម ប៉ះពាល់ប្រាសាទបេងមាលា ដួលរលំដំបូលទីលានបាល់ទាត់ ១កន្លែង បាក់បង្គោលភ្លើង១ បង្គោលអង់តែនទូរស័ព្ទ១ ដួលរលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១ របើកដំបូលការិយាល័យអាវុធហត្ថ ១កន្លែង រលំដើមឈើសង្កត់រថយន្ត ៣គ្រឿង ដួលរលំរោងចញ្ចឹមមាន់១ និងតូបលក់ដូរ២ និងរបួស១២នាក់។
បរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា ក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនក្នុងរយៈពេលខ្លីក៏បង្កឱ្យមានការប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួន។
ជាមួយគ្នានេះលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត រួមនឹងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាឆ្លើយតបបានទាន់ពេលវេលាផងដែរ។
លោក ទេសរដ្ឋមន្ត្រី បានធ្វើការណែនាំដល់មន្ត្រី ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា ៕
ដោយ ៖ សិលា