ព័ត៌មានទាន់ហេតុការណ៍៖

«ជនជាតិថៃ»៥នាក់​ ត្រូវបានចាប់ខ្លួនក្រោយជនជាតិថៃដូចគ្នាល្បួងឱ្យមកធ្វើ SCAM ONLINE នៅកម្ពុជា

ចែករំលែក៖

ថៃ៖ ប៉ូលីសថៃ និងមជ្ឈមណ្ឌលប្រឆាំងការឆបោកតាម​អ៉ីនធេីណេត​ ដោយមានការគាំទ្រពីក្រុមហ៊ុន Meta បានចាប់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរជនជាតិថៃឱ្យមកធ្វើ SCAM Online ក្នុងប្រទេសកម្ពុជា។ 

យោងតាមមជ្ឈមណ្ឌលប្រឆាំងការឆបោកតាម​អ៉ីនធេីណេត​របស់ប្រទេសថៃ (ACSC) ដែលធ្វើការជាមួយ Meta បានចាប់ខ្លួនមេដឹកនាំក្រុមឆបោកថៃម្នាក់ និងបក្ខពួកចំនួនបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទល្បួងជនជាតិថៃឆ្លងកាត់ព្រំដែនមកកម្ពុជា និងបង្ខំពួកគេឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកតាមមជ្ឈមណ្ឌល CALL CENTER។

បើតាមប៉ូលីសថៃជនរងគ្រោះដែលមិនព្រមតាមមេក្រុមល្បួងថៃត្រូវបានថៃដូចគ្នាឆក់អគ្គិសនី និងវាយដំ និងធ្វើទារុណកម្ម។ ក្នុងប្រតិបត្តិការនេះការិយាល័យស៊ើបអង្កេតកណ្តាល (CIB) តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយ ACSC និងភ្នាក់ងារពាក់ព័ន្ធ ដើម្បីចាប់ខ្លួនមេដឹកនាំបណ្តាញឆបោកថៃនៅក្នុងខេត្តឈុនបុរី ច័ន្ទបុរី និងត្រាត។

ក្រុមនេះត្រូវបានចោទប្រកាន់ពីបទបោកបញ្ឆោតជនជាតិថៃឱ្យឆ្លងដែនចូលទៅក្នុងប្រទេសកម្ពុជា។ មន្ត្រីប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ អ្នកទាំងប្រាំនាក់ត្រូវបានចាប់ខ្លួនក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌ ពីបទចោទប្រកាន់រួមមានការចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការឃុំខ្លួនខុសច្បាប់ ការបង្ខិតបង្ខំអ្នកដទៃរួមគ្នាតាមរយៈអំពើហិង្សា និងបទល្មើសពាក់ព័ន្ធផ្សេងទៀត៕ដោយ​៖តារា​


ចែករំលែក៖