ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចេញបញ្ជាដល់កម្លាំងយោធាឱ្យពង្រឹងសមត្ថភាពដើម្បីរារាំងដល់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង និងកាត់បន្ថយសកម្មភាពឌឺដងពីទីក្រុងព្យុងយ៉ាង ។
សារព័ត៌មានរ៉យទ័រ បានផ្សាយនៅថ្ងៃទី៦ខែកក្កដាថា នៅក្នុងកិច្ចប្រជុំលើកដំបូងជាមួយបណ្តាមេបញ្ជាការកងទ័ព ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចេញបញ្ជាឱ្យកម្លាំងទាហានកូរ៉េខាងត្បូងត្រៀមលក្ខណៈទប់ទល់ជាមួយការឌឺដងពីសំណាក់កូរ៉េខាងជើង ។ នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក Yoon Suk-yeol ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែឧសភា អំឡុងពេលលោកជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលៗរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឱ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។ បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, លោក យូន បាននិយាយថា «សមត្ថភាពយោធារបស់ប្រទេសគួរតែត្រៀមទុកជាមុន ដើម្បីការពារសន្តិសុខនិងផលប្រយោជន៍ជាតិ ខណៈដែលភាពមិនប្រាកដប្រជាផ្នែកសន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៉ីប៉ែកឦសានកំពុងកើនឡើងជាងពេលណាៗទាំងអស់»។
ក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ខាងក្រៅកិច្ចប្រជុំកំពូល NATO នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន លោក យូន បានយល់ព្រមជាមួយមេដឹកនាំទាំងពីរ ក្នុងការស្វែងរកមធ្យោបាយ បន្ថែមដើម្បីពង្រឹងសមត្ថភាពកំញើញ ប្រឆាំងកូរ៉េខាងជើង៕ ដោយ៖ធីរីណា
រូបថត៖ AFP/TTXVN