ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកគុននិយមពីរនាក់ដែលប្រើដាវដេញកាប់គ្នាផ្អើលមុខសាលាខត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នគរបាលក្រុងក្រចេះបានស្រាវជ្រាវតាមចាប់ឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា​ ខណៈដែលពួកគេទាំងពីរនាក់ប្រដាប់ដោយដាវ២ដើមបានធ្វើសកម្មភាពដេញកាប់យុវជនមួយក្រុមទៀតរត់ប្រសាចបាតជើងសព្រាត ផ្អើលនៅមុខសាលាខេត្តក្រចេះ ប្រៀបដូចឈុតឆាកថតកុន កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ។ តែមិនបង្កឱ្យមានគ្រោះថ្នាក់នោះទេ ដោយជនរងគ្រោះបានរត់គេចទាន់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។ 

    សមត្ថកិច្ចនគរបាលខេត្តបានបន្តថា  ជនទាំងពីរនាក់ដែលត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងក្រចេះចុះទៅចាប់ខ្លួនបានភ្លាមៗនោះមាន៖

១-ឈ្មោះ​ ស៊ឹង​ គឹមសាន អាយុ​២៣ឆ្នាំ​ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ​។ 

២-ឈ្មោះ​ រឿន​ បូរី អាយុ​២០ឆ្នាំ​ មានទីលំនៅភូមិបុសលាវលេី​ ឃុំបុសលាវ​ ស្រុកចិត្របុរី​។

   សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖