ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ស្ដីពីសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិទី៣ និងទិសដៅការងារបន្តសម្រាប់រយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.សស.ក) មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា គណៈកម្មការប្រតិបត្តិនៃស.ស.ស.ក បានសម្រេចដាក់ចេញ ទិសដៅការងារបន្ត សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥ ដូចតទៅ៖
គណៈកម្មការប្រតិបត្តិ បានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងបានជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការប្រតិបត្តិ ចំនួន៨រូប និងតែងតាំងបន្ថែមទីប្រឹក្សាចំនួន ១រូប។ សម្រាប់អាណត្តិទី៣ ស.ស.ស.ក មានសមាសភាព គណៈកម្មការប្រតិបត្តិសរុប២២រូប ទីប្រឹក្សា៩រូប និងលេខាធិការដ្ឋាន៩រូប។
គណៈកម្មការប្រតិបត្តិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន ព្រមទាំង សមាជិក សមាជិកា ដែលបានលះបង់ពេលវេលា ឆន្ទៈ ប្រាជ្ញា ស្មារតី ស្ម័គ្រចិត្តចូលរួមក្នុង សកម្មភាពការងារបស់ ស.ស.ស.ក ក្នុងអាណត្តិទី២កន្លងមក រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជា ទីមោទនៈ ជាពិសេសនៅក្នុងបេសកកម្មដ៏ពិសិដ្ឋចូលរួមចំណែកលើកកម្ពស់តួនាទីសារព័ត៌មាន និងគុណ ភាពការផ្សព្វផ្សាយ ដើម្បីបុព្វហេតុឧត្តមភាពជាតិមាតុភូមិកម្ពុជា។
គណៈកម្មការប្រតិបត្តិ បានមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល នៅក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ដើម្បីបន្តបេសកកម្មការងារ របស់ ស.ស.ស.ក ប្រកបដោយភាពរស់រវើកស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥត ឈប់ឈរនៃតម្រូវការសង្គមនិងសកលលោកលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ គណៈកម្មការប្រតិបត្តិ បានសម្រេចដាក់ចេញនូវទិសដៅការងាររបស់ ស.ស.ស.ក សម្រាប់អាណត្តិបន្ត លើសំណុំការងារជា អាទិភាពចំនួន៣ធំគឺ៖ ទី១. សារព័ត៌មានអាជីព ទី២. ការផ្សាយមហាជនតាមបណ្ដាញសង្គម និង ទី៣. ការងារសាធារណមតិលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងបែបទំនើប។ គណៈកម្មការប្រតិបត្តិ ក៏ បានសម្រេចដាក់ចេញនូវផែនការសកម្មភាពបន្តលើការបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព ៥សំខាន់គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន, ការដឹកនាំវិស័យសារព័ត៌មាន, ការបណ្តុះបណ្ដាលវាគ្មិនតួមកិច្ចការ អ្នកនាំពាក្យ, និងកិច្ចការសាធារណៈ។
គណៈកម្មការប្រតិបត្តិ បន្តអនុវត្តផែនការសកម្មភាពក្នុងការចងសម្ព័ន្ធភាពជាមួយ សមាគមសារព័ត៌មាន ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីបង្កើនភាពជាដៃគូ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ចែករំលែក និងសហការ បំពេញឲ្យគ្នាទៅវិញទៅមកលើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។
គណៈកម្មការប្រតិបត្តិ រំលឹកគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ, ឯកឧត្តម ហោ ណាំហុង,ឯកឧត្តម ខៀវ កាញារីទ្ធ, ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំ ឯទៀតដែលបានគាំទ្រដ៏ថ្លៃថ្លាដល់បេសកកម្មរបស់ ស.ស.ស.ក។ ជាមួយគ្នានេះ គណៈកម្មការប្រតិបត្តិ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនពីវិស័យឯកជន ដែលបានគាំទ្រសកម្មភាព ការងាររបស់ ស.ស.ស.ក កន្លងមក។
គណៈកម្មការប្រតិបត្តិ សូមគោរពជម្រាបជូនថា ស.ស.ស.ក ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន ស.ស.ស.ក ក៏បានចុះឈ្មោះក្នុងបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ ជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» ដោយក្រសួងទទួលស្គាល់ ជាផ្លូវការ តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ គណៈកម្មការប្រតិបត្តិ ប្តេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង រចនាសម្ព័ន្ធដឹកនាំការងាររបស់ខ្លួន ព្រមទាំងគោរពច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្កល់ខ្ពស់ជានិច្ចនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»៕
ដោយ៖សុខ ខេមរា