ភ្នំពេញ៖ គ្រាន់តែក្នុងរយៈពេល៦ខែឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជិត ៣.០០០ករណី និងបណ្ដាលឱ្យស្លាប់ ៧ នាក់ ដែលតួលេខនេះកើនឡើងជាង៣ ដងបើប្រៀប ធៀបទៅនឹងរយៈ ពេល ៦ ខែដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅដែលមានអ្នកស្លាប់ត្រឹមតែ ១ នាក់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលអោយដឹងនៅព្រឹកថ្ងៃទី ០៧ កក្កដានេះថា ចាប់ពីខែមករា រហូតមក ដល់ខែមិថុនាឆ្នាំ ២០២២នេះមានករណីជំងឺគ្រុនឈាម ចំនួន ២៨៦៩ ករណី ក្នុងនោះស្លាប់ ៧ កករណីពោលគឺមានការកើនឡើងជាង ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅមានចំនួន ៧៥១ ករណីក្នុងនោះស្លាប់ ១ នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា តួលេខនេះសបញ្ជាក់ឱ្យឃើញថា ជំងឺគ្រុនឈាម អាចផ្ទុះគ្រប់ពេលវេលាដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នា ក្នុងការសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជាសំបកកំប៉ុង សំបកដូងសំបកកង់រថយន្តទៅកប់ចោល ឬដុតចោលព្រោះថាវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
រាជធានីខេត្តដែលករណីជំងឺគ្រុនឈាមច្រើនរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ធំនិងខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។
លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០២២ នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ ២០០ តោនសេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិត្តប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
ដោយ៖ សូរិយា