ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២៥នេះ «អបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤»។
យោងតាមរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ (បើធៀបនឹងឆ្នាំ ២០២៣) ៖
– ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០ នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់
– ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។
– បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០ នាក់ ស្មេីនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។
សូមជម្រាបជូនថា ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វេីឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នាដេីមអាណត្តិទី៧នេះ៕
ដោយ៖ តារា