ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និង លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន ៤ គឺ ខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ (ក្នុងនោះ ឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល)។ លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា ៖ «ចំពោះលទ្ធផលនៃការអនុវត្តការងារតាមគោលដៅខេត្តទាំង៤ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបាន ការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣.៦៦៨នាក់ (ក្នុងនោះស្រ្តី ៥២.១៩៣នាក់ និងកុមារ ៣៤.៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ (ក្នុងនោះគ្រួសារមានពិការភាពចំនួន ២៧៨គ្រួសារ)។» លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងការចូលរួមកាត់បន្ថយបញ្ហាមីននៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដល់គ្រប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ឱ្យចូលរួមក្នុងការអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះផងដែរ។ 

ជាកិច្ចឆ្លើយតប លោកទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជាយើង។ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០គីឡូម៉ែតការ៉េ នៅក្នុងប្រទេសកម្ពុជាយើង ហើយដែលកម្ពុជា គឺជាប្រទេសទី៣ ក្នុងចំណោមបណ្តាប្រទេសដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេសអីរ៉ាក់ និងប្រទេសអាហ្កានីស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី នីតិវិធីទាំង ១១ចំណុច នៃការងារបោសសម្អាតមីន ស្របតាមស្តង់ដារសកម្មភាពកំចាត់មីននៅកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖