ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្ត Lexus GS-300 មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្ដាលទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន ថ្មដា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តម៉ាក Lexus GS-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-6795 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវត្រូវបានខាងក្រសួងសាធារណការរំកឹលមកផ្លូវម្ខាងទៀតដើម្បីធ្វើការអ៊ុតផ្លូវ ដោយបង្គោលភ្លើងនៅចំកណ្ដាលទ្រូងផ្លូវ ក៏ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្ដាលឱ្យបង្គោលភ្លើងក្រពឹតនិងទ្រេត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ