ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្ត បោះពួយបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតអស់១៤កង់ រួមនឹងបង្គោលភ្លើងមួយដើមផង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តកាមរីបាឡែន បោះពួយយ៉ាងលឿនជ្រុលទៅបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់១៤កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមផង ចំណែករថយន្តខូចខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២២ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2T-8295ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកនោះស្រវឹងស្រាខ្លាំងបានរេចង្កូតនៅខាងឆ្វេងដៃបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបណ្ដាលឱ្យប៉ើងរប៉ាត់របា៉យរងការខូចខាតអស់ ១៤កង់ រួមនឹងបង្គោលភ្លើងមួយដើមផង ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ រីឯអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖