ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ខណ្ឌចំការមន បានប្រារព្ធពិធីប្រកាសសុពលភាព ក្រុមប្រឹក្សា អាណត្តិទី៥ ព្រមៗគ្នា ខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពប្រធានក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ ។
ក្នុងនោះ លោកអភិបាលខណ្ឌ បានសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោក ខាត់ ណារិទ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិចាស់ ក៏ដូចអាណត្តិថ្មីនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗ ជាច្រើន សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះ បន្តដឹកនាំអភិវឌ្ឍន៍រីកចំរើនមូលដ្ឋានថែមទៀត។
ឱកាសនោះដែរ លោក ថេង សុថុល បានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ បម្រេីប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា សមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីជាលោក-លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។
លោកថា ដូច្នេះនៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕
ដោយ៖ ជីណា