ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមន ប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិទី៥ និងប្រាប់ឱ្យបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ខណ្ឌចំការមន បានប្រារព្ធពិធីប្រកាសសុពលភាព ក្រុមប្រឹក្សា អាណត្តិទី៥ ព្រមៗគ្នា ខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពប្រធានក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ ។

ក្នុងនោះ លោកអភិបាលខណ្ឌ បានសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោក ខាត់ ណារិទ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិចាស់ ក៏ដូចអាណត្តិថ្មីនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗ ជាច្រើន សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះ បន្តដឹកនាំអភិវឌ្ឍន៍រីកចំរើនមូលដ្ឋានថែមទៀត។ 

ឱកាសនោះ​ដែរ លោក ថេង សុថុល បានណែនាំ​ដល់ក្រុមប្រឹក្សាសង្កាត់ថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ បម្រេីប្រជាពលរដ្ឋ​ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ​ អនុវត្តន៍​គោលនយោបាយ​ភូមិ​-សង្កាត់​ មានសុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ​ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន​ និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ស្រប​តាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ និងមានចក្ខុវិស័យវែងឆ្ងាយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។ 

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា សមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីជាលោក-លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។

លោកថា ដូច្នេះនៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕

ដោយ៖ ជីណា


ចែករំលែក៖