ព័ត៌មានទាន់ហេតុការណ៍៖

ជាប់រវល់ហូបបាយក្នុងផ្ទះចេញមកវិញចោរកាច់កម៉ូតូយកទៅបាត់ផ្អើលទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿងត្រូវជនសង្ស័យកាច់កយកទៅបាត់ដោយសុវត្ថិភាព ខណៈដែលម្ចាស់ម៉ូតូជាប់រវល់ហូបបាយនៅក្នុងផ្ទះហើយពេលចេញមកមើលបាត់ម៉ូតូ បង្កការភ្ញាក់ផ្អើលតែម្ដង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ហ្វាម ចាញ់ទឹង ភេទ ប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។  ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម C១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q-១៨៥០។

   បើតាមម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១Q-១៨៥០ត្រឡប់មកផ្ទះ ហើយក៏បានចតបញ្ឈរទុកនៅខាងមុខផ្ទះ រួចចូលទៅហូបបាយនៅខាងក្នុងផ្ទះដូចរាល់ដង។

    ប្រភពបន្តថា ប្រមាណកន្លះម៉ោងក្រោយមកគាត់ក៏បានដើរចេញមកអើតមើលមុខផ្ទះស្រាប់តែបាត់ម៉ូតូមិនឃើញទើបបង្កការភ្ញាក់ផ្អើលនិងទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

    បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមច្បាប់ឱ្យខាងតែបាន៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖