ព័ត៌មានទាន់ហេតុការណ៍៖

គាប់ជួនម្លេះ ! ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស ដោយបញ្ជូនទិន្នន័យមិនត្រឹមត្រូវ ចាប់ពីខែមិថុនា ២ឆ្នាំជាប់គ្នាតែម្តង !

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស ដោយបញ្ជូនទិន្នន័យមិនត្រឹមត្រូវ ។ ក្រុមការងារបច្ចេកទេសកំពុងស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សតាមដែរ អាចធ្វើទៅបាន។ ជុំវិញបញ្ហានេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ  មានជាចម្ងល់លើកឡើងថា, កាលពីឆ្នាំកន្លងទៅ ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស បានខូចក្នុងកំឡុងខែមិថុនា ហើយក្រុមបច្ចេកទេសរបស់ក្រសួងបានព្យាយាមកម្មង់គ្រឿងបន្លាស់ពីប្រទេសអាល្លឺម៉ង់ យកមកជួសជុលដំឡើងបានរួចរាល់ក្នុងកំឡុងខែតុលា ។

សូមបញ្ជាក់ថា, យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ជូនជ្រាបជាព័ត៌មាន ដោយបញ្ជាក់ថា, ក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា ៖ ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស ដោយបញ្ជូនទិន្នន័យមិនត្រឹមត្រូវ ។ ក្រុមការងារបច្ចេកទេសកំពុងស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សតាមដែរ អាចធ្វើទៅបាន ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និង សូមអធ្យាស្រ័យ ។ 

សូមជម្រាបថា, ដូច្នេះមានន័យថា, ក្នុងឆ្នាំនេះ ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស ក្នុងខែមិថុនា ដូច ឆ្នាំទៅដែរ ប៉ុន្តែប្រជាពលរដ្ឋសង្ឃឹមថា, អាចនឹងតំឡើងឬជួសជុល ឱ្យបានឆាប់ៗ ចៀសវាងគាប់ជួនដល់ខែតុលា ឬពាក់កណ្ដាលខែតុលា ទើបរួចរាល់ដូចក្នុងឆ្នាំកន្លងទៅនោះ ។

ប្រជាពលរដ្ឋបានលើកឡើងថា, មានមនុស្សមួយចំនួន ត្រូវតាមដានអំពីអាកាសធាតុ និងដំណើរទឹកភ្លៀងជាប្រចាំថ្ងៃ តើភ្លៀងធ្លាក់តិចឬច្រើន នៅតំបន់ណាជារៀងរាល់ថ្ងៃ ដើម្បីជាប្រយោជន៍ ការពារនិងប្រុងប្រយ័ត្ន ចំពោះការជន់លិច  ក៏ដូចជាចង់បានទឹកភ្លៀងដើម្បីបង្កបង្កើនផល ។ ករណីផ្សេងទៀត ក៏ព្យាយាមដើម្បីគេចផុតអំពី រន្ទះ ខ្យល់កន្រ្តាក់នេះជាដើម។

ប្រជាពលរដ្ឋទទួលស្គាល់ថា, ក្នុងមួយសប្តាហ៍ក្រសួងធនធានទឹកនិងឧតុនិយម បានចេញពីសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសប្រាប់ពី :

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល 

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

៣-តំបន់មាត់សមុទ្រ

ជុំវិញបញ្ហា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់ ជាដើម ដោយយោងតាមព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយ ពីប្រទេសជិតខាង ដើម្បីវាយតម្លៃ ផ្តល់ព័ត៌មាន ជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស។ 

ដោយឡែកចំពោះ ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស ដោយបញ្ជូនទិន្នន័យមិនត្រឹមត្រូវ គាប់ជួន២ឆ្នាំ ប៉ះចំតែ ខែមិថុនា ហើយកន្លងទៅត្រូវជួសជុល រួចរាល់ក្នុងកំឡុងខែតុលា សង្ឃឹមថាឆ្នាំនេះនឹងអាចជួសជុលហើយដល់ខែតុលា ដដែលនោះឡើយ ។ 

ពាក់ព័ន្ធករណីនេះ លោក អ៊ុំ រីណា ជាអ្នកនាំពាក្យរបស់ក្រសួងធនធានទីក និងឧតុនិយម នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់តាមប្រព័ន្ធ Telegram ថា, ខ្ញុំសូមជម្រាបជូនថា ករណីរ៉ាដាខូចនោះ មិនមែនឲ្យតែខែ៦ នោះខូចទេ ។ លោកក៏សូមជំរាបជូនផងដែរថា, នេះជាបញ្ហាបច្ចេកទេសសុទ្ធសាធដែលបណ្ដាលអោយខូច បច្ចុប្បន្នយើងកំពុងតែ ជំរុញឱ្យគេផ្ញើឧបករណ៍ដែលយើងហៅថាស្វីតបត មួយយកមកសម្រាប់ជួសជុល មួយទៀតសម្រាប់យកមកទុកសាគួរ ។ លោកបន្តថា, ទិន្នន័យដែលរ៉ាដា ផ្ដល់ឱ្យនោះ យល់ដឹងតាមដានបានទទួលព័ត៌មានពី ការព្យាករណ៍របស់យើងហ្នឹង ! គ្រាន់តែរ៉ាដារបស់យើងចាប់ទិន្នន័យទឹកភ្លៀង ផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ទៀតថា, បងប្អូនប្រជាពលរដ្ឋគាត់អាចតាមដាន ព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម តាមរយៈគេហទំព័រ Cambodia Midea .com ដែលយើងធ្វើការព្យាករណ៍នឹងអាប់ដេត រាល់ថ្ងៃ ។ ដោយមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃបុណ្យទេ ។ មួយទៀតការព្យាករណ៍ប្រចាំសប្តាហ៍ គឺបានដាក់ចូលនៅក្នុងបណ្ដាញសង្គម គឺជាការព្យាករណ៍ក្នុងរយៈពេលមួយសប្តាហ៍ម្តង ជាប្រយោជន៍ ជាព័ត៌មាន ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងជាមុន ពីស្ថានភាព អាកាសធាតុ មានអ្វីដែលកើតឡើង មានអ្វីដែលគួរប្រកាស គួរប្រុងប្រយ័ត្ន ក្នុងករណីធ្វើដំណើរ ឬក៏ចេញទៅប្រកបមុខរបរអាជីវកម្ម ក៏ដូចជាប្រជាកសិករគាត់ចុះទៅតំបន់ទីស្រែជាដើម ។

លោកបន្តថា, សូម្បីតែនាយកដ្ឋានឧតុនិយ ក៏យើងត្រូវ តាមទិន្នន័យរ៉ាដានោះជាចាំបាច់ ដើម្បីបានប្រមូលផ្ដុំព័ត៌មានទាំងអស់ អញ្ចឹងរ៉ាដា ទាំងផ្កាយរណប ស្ថានីយ៍ឧតុនិយម ដើម្បីធ្វើការចងក្រងព្យាករណ៍នេះ ដូច្នេះហើយទើបក្រុមការងារបានខំឲ្យខាងបារាំងកម៉្មង់ពីអាល្លឺម៉ង់ដើម្បីយកមកធ្វើការជួសជុល និងកុម្ម៉ង់ដើម្បីទុកសាគរ។

ទោះជាមានការលើកឡើងដោយអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបែបនេះក៏ដោយ, ប្រជាពលរដ្ឋបានលើកឡើងថា, សម័យឌីជីថល សម័យបច្ចេកទេស បច្ចេកវិទ្យា បងប្អូនប្រជាពលរដ្ឋ គាត់ត្រូវការតាមដានជាប្រចាំបើកមើលតាមទូរស័ព្ទដៃ ពីតំបន់ដែលត្រូវភ្លៀង ភ្លៀងនៅពេលណា ម៉ោងណា ដើម្បីជាទុនសម្រាប់ពួកគាត់ តាមដាន ប្រុងប្រយ័ត្នជាមុន អាចជៀសផុតពីទឹកភ្លៀង ផ្គររន្ទះ ឬអាចដឹងដំណឹងមុនតាមរយៈទូរសព្ទនេះ ដើម្បីចូលជ្រកការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ដូច្នេះពួកគាត់សង្ឃឹមថា, ស្ថានីយរ៉ាដាមានបញ្ហាបច្ចេកទេស នេះអាចនិងក្រុមការងាររបស់ក្រសួង កម្ម៉ង់ឬជួសជុលរួចរាល់ ឲ្យបានឆាប់រហ័ស ជៀសវាងគាប់ជួន ការជួសជុលរួចរាល់នេះ ស្ថិតក្នុងកំឡុងខែតុលាដូចឆ្នាំទៅទៀត ៕

ដោយ ៖ មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”


ចែករំលែក៖