ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ វត្តរាជបូណ៌ ក្រុង-ខេត្តសៀមរាប បានរៀបចំដង្ហែព្រះត្រៃរតន៍ក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។
សូមរំលឹកថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។
ទិវារំឭកព្រះឧបការគុណនាពេលនេះ ជាការបណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃឱ្យបានដឹងនូវសកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបីដកខ្មែរ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកព្រះអង្គថាជាវីរបុរសដ៏អស្ចារ្យ ដោយព្រះអង្គបានលះបង់កម្លាំង កាយចិត្ដ និងប្រើពេលប្រមាណ៤០ឆ្នាំ ក្នុងបេសសកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ទើបសម្រេចបានចប់សព្វគ្រប់ នូវគម្ពីរដ៏ពិសិដ្ឋ ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន និងមានលក្ខណៈពិសេសជាងបណ្តាប្រទេស ដែលគោរពព្រះពុទ្ធសាសនាដទៃទៀត លើពិភពលោកទាំងអស់។ លក្ខណៈពិសេសនោះ គឺប្រទេសទាំងនោះ មានត្រឹមភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរបានរៀបចំឱ្យមានទាំងភាសាដើម គឺមគធភាសា ឬភាសាបាលី និងភាសាខ្មែរ។
គោលបំណងនៃការរៀបចំនេះ គឺដើម្បីរំឭកដល់មហាវីរសាមណៈ បណ្ឌិត អ្នកប្រាជ្ញខ្មែរដែលបានបន្សល់ទុកនូវស្នាព្រះហស្ត ស្នាដៃ ដែលជាឧបការគុណដ៏ធំធេងពុំអាចគណនាបាន។ ស្នាដៃទាំងនោះរួមមាន បទនគរាជ វចនានុក្រមខ្មែរគម្ពីរព្រះត្រីបិដក ១១០ភាគ បកប្រែពីភាសាបាលីមកជាភាសាខ្មែរនៅឆ្នាំ ១៩៣០-១៩៦៨ រួមនឹងក្បួនច្បាប់សម្រាប់វិស័យអប់រំផ្នែកពុទ្ធិកសិក្សាព្រមទាំងសៀវភៅជាច្រើនទៀត ដែលពុំអាចរៀបរាប់អស់៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប