ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីទួរគី និងកូរ៉េខាងត្បូង ដើម្បីសម្រួលតម្លៃជូនប្រជាជន

ចែករំលែក៖

រដ្ឋលេខាធិការក្រសួងកសិកម្មរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃសុក្រ (២១ មីនា) ថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីប្រទេសទួរគី និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយការផ្គត់ផ្គង់ដោយសារជំងឺគ្រុនផ្តាសាយបក្សី ដែលបានជំរុញឱ្យតម្លៃទូទាំងប្រទេសកើនឡើង។

លោកស្រី Brooke Rollins បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ការនាំចូលពីទួរគី និងកូរ៉េខាងត្បូងបានចាប់ផ្តើមរួចហើយ ហើយសេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀតអំពីការនាំចូលស៊ុតរបស់ពួកគេជាបណ្តោះអាសន្នផងដែរ។

តម្លៃនៃស៊ុតបានកើនឡើងយ៉ាងខ្លាំងដោយសារតែការផ្ទុះជំងឺផ្តាសាយបក្សីជាច្រើននៅក្នុងសហរដ្ឋអាមេរិក ដែលបង្ខំឱ្យកសិករសម្លាប់សត្វស្លាបយ៉ាងហោចណាស់ 30 លានក្បាល និងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់។ 

តម្លៃស៊ុតបានក្លាយជាចំណុចសំខាន់មួយសម្រាប់លោក Trump នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ខណៈដែលលោកបានស្វែងដំណោះស្រាយលើការខកចិត្តរបស់អ្នកបោះឆ្នោតជាមួយនឹងការកើនឡើងនៃថ្លៃដើមសំខាន់ៗក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតីមុនរបស់លោក Joe Biden ។ 

បន្ទាប់ពីត្រឡប់ចូលកាន់តំណែងក្នុងខែមករា លោក Trump បានប្រគល់ភារកិច្ចឱ្យ លោកស្រី Rollins នូវការងារជំរុញការផ្គត់ផ្គង់ស៊ុត និងធ្វើឱ្យតម្លៃធ្លាក់ចុះ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ថ្មីៗនេះបានកត់សម្គាល់ថាតម្លៃស៊ុតលក់ដុំបានធ្លាក់ចុះជិត 50 ភាគរយចាប់តាំងពីចុងខែកុម្ភៈ ដែលបង្ហាញថាតម្លៃអ្នកប្រើប្រាស់អាចចាប់ផ្តើមធ្លាក់ចុះក្នុងពេលឆាប់ៗនេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖