ភ្នំពេញ ៖ នៅយប់ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដើម្បី ចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ (3rd Mekong-Korea International Water Forum_MKWF) ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព» ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹក មេគង្គ-កូរ៉េ(KOMEC)។
សូមបញ្ជាក់ថា ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សមភាគីកូរ៉េ។
លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ (3 Mekong-Korea International Water Forum_MKWF) ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពធន់នឹងអាកាសធាតុ និង ការគ្រប់គ្រងទឹកប្រកបដោយចីរភាព» នៅមជ្ឈមណ្ឌលសន្និសីទ ដេជាន់ ក្នុងទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹក មេគង្គ-កូរ៉េ (KOMEC)។
វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ (MKWF) គឺជាកិច្ចប្រជុំដ៏មានសារសំខាន់មួយសម្រាប់កិច្ចសហការល្អ ក្នុងវិស័យទឹករវាងសាធារណរដ្ឋកូរ៉េ និងតំបន់មេគង្គ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២២មក។ វេទិកានេះ តែងតែប្រារព្ធធ្វើឡើងផ្ទាល់នៅសាធារណរដ្ឋកូរ៉េក្នុងកម្រិតថ្នាក់ដឹកនាំ ដោយបានផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា បើកទូលាយ និងដោះស្រាយបញ្ហារួមគ្នារវាងភាគីតំណាងកូរ៉េខាងត្បូង ជាមួយភាគីតំណាងពាក់ព័ន្ធទាំង៥ នៃតំបន់មេគង្គ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញដល់ការធ្វើឱ្យ ប្រសើរឡើងនូវចំណងសម្ព័ន្ធភាព និងកិច្ចសហការល្អសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ។
ក្នុងអំឡុងវេទិកា លោករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសបើកវេទិកាទឹកអន្តរ ជាតិមេគង្គ-កូរ៉េលើកទី៣ និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាកម្រិតខ្ពស់នៃវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក Wan-sup Kim រដ្ឋមន្ត្រី ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុង ការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ៕
ដោយ ៖ សិលា