ភ្នំពេញ៖ ស្រ្តីម្នាក់បានបោកក្បាលស្លាប់មួយរំពេច ខណៈកំពុងជិះកង់ឆ្លងផ្លូវត្រូវរថយន្តឡិចសុីសRX330មួយគ្រឿង បេីកមកបុកចំពាក់កណ្ដាល បណ្ដាលឲ្យដាច់កង់ជា២កំណាត់ កាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ ១០១៩ (ហាណូយ) កែងនិងផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សពស្រ្តីរងគ្រោះមានឈ្មោះ សុក ស្រីណា អាយុ ៣៩ ឆ្នាំ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះកង់មួយគ្រឿងតែម្នាក់ឯង តាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចមកកើតបានឆ្លងបានពាក់កណ្តាល ខណៈនោះក៏មានរថយន្តម៉ាកឡិចសុីសRX330 ពណ៌ស មួយគ្រឿង ដែលមិនចាំផ្លាកលេខបើកបរតាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនលឿន បានមកបុកស្រ្តីដែលកំពុងជិះកង់ឆ្លងផ្លូវចំពាក់កណ្ដាលដាច់កង់ខ្ទៀតចេញជា២ ទៅផ្លូវម្ខាង បណ្ដាលឲ្យស្រ្ដីរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុ។ រីឯរថយន្តដែលបង្កនោះមិនបានឈប់ ក៏បន្ថែមល្បឿនបើករត់គេចបាត់ស្រមោលដោយសុវត្តិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកដើម្បីធ្វើការវាស់វែងនិងយកកង់របស់ជនរងគ្រោះរក្សាទុកនៅអធិការខណ្ឌសែនសុខ និងស្រាវជ្រាវពិនិត្យមើលកាមមេរ៉ាសុវត្ថិភាពរកម្ចាស់រថយន្តដែលបង្កដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ទៅរថយន្ដសាមុយដឹកទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ