ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣ ០០០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ១៣០នាក់ និងភ្ញៀវខ្មែរចំនួន ២០ ៨៧០នាក់ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។
ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវខ្មែរចំនួន ៧១ ២២០នាក់ ។ នេះជាការបញ្ជាក់ពីខាង រដ្ឋបាលខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ បន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។
ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន៕
ដោយ ៖ សិលា