ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា នាពិធីបើកពិធីបុណ្យទន្លេលើកទី៩នៅតាកែវ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានថា ៖ រដ្ឋាភិបាលគ្រោងរៀបចំ លោក ជួន កក្កដាជាអតីតព្រះសង្ឃដែលមានចំណេះដឹងខ្ពស់ និងសាងសមិទ្ធផលច្រើនក្នុងវិស័យពុទ្ធសាសនា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «រដ្ឋាភិបាលត្រូវការអ្នក មានសមត្ថភាពបែបនេះ»។ ករណីមួយទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ ហើយបញ្ឈប់មានការយល់ច្រលំទាក់ទងនឹងការសឹករបស់អតីតសង្ឃ ជួន កក្កដា។
ដូចជាការបញ្ជាក់របស់លោក ជួន កក្ដដា ផ្ទាល់តាមរយៈឃ្លីបវីដេអូ ផងដែរ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ការសម្រេចសឹកនេះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនសុទ្ធសាធ មិនមែនជាការបង្ខំ ឬការណែនាំណាមួយពីរដ្ឋាភិបាលឡើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីបានយកចំណេះដឹងមកជួយសង្គមជាតិបន្ត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបង្ខំឱ្យព្រះសង្ឃអង្គណាលាចាកសិក្ខាបទ លាចាកភេទជាសង្ឃនោះទេ ព្រះសង្ឃគ្រប់អង្គ បុគ្គលគ្រប់រូបមានសិទ្ធិ សម្រេចដោយខ្លួនឯង។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បុគ្គលណាដែលក្រោយលាចាកភេទជាសង្ឃ ហើយមានសមត្ថភាពខ្ពស់នោះ រដ្ឋាភិបាលមិនបោះបង់ចោលនោះឡើយ គឺប្រមូលធនធានមនុស្ស ដែលពូកែៗទាំងនោះឱ្យមកជួយធ្វើការក្នុងជួររដ្ឋាភិបាល ដើម្បីបន្តជួយកសាងអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានដូចជាឯកឧត្ដម ឃី សុវណ្ណរតនា អតីតមន្ត្រីសង្ឃជាន់ខ្ពស់ជាដើម៕
ដោយ ៖ សិលា